(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ចិន ខណៈដែលទីផ្សារភាគហ៊ុនរបស់ Apple ដាំក្បាលចុះយ៉ាងខ្លាំង ជាពិសេសគឺប្រទេសចិន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែឧសភា។
នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ លោក Tim Cook បានទៅបំពេញទស្សនកិច្ចនៅចិនជាញឹកញាប់ ប៉ុន្តែការបំពេញទស្សនកិច្ចលើកនេះ គឺមានសារសំខាន់ជាងលើកណាទាំងអស់ ព្រោះថា តួលេខនៃការលក់ iPhone នៅចិន ក៏ធ្លាក់ចុះនៅក្នុងត្រីមាសដើមឆ្នាំនេះ ជាពិសេសគឺទីផ្សារភាគហ៊ុន Apple បានធ្លាក់ចុះរហូតដល់ជាង ២០ភាគរយ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ មួយវិញទៀត តុលាការចិន បានសម្រេចក្ដីឲ្យ Apple ចាញ់ក្នុងជម្លោះប៉ាតង់ IPHONE ជាមួយនឹងក្រុមហ៊ុនចិន។
មូលហេតុធំៗទាំងនេះហើយ ដែលជំរុញឲ្យលោក Tim Cook សម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីពិភាក្សាជាមួយនឹងដៃគូពាណិជ្ជកម្ម និងជាពិសេសគឺរដ្ឋាភិបាលចិនតែម្ដង។
គួរបញ្ជាក់ផងដែរថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple មិនធ្លាប់ធ្លាក់ចុះយ៉ាងដូច្នេះឡើយ ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយមកនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង