អ្នកវិភាគ Ming-Chi Kuo ដែលមកពីក្រុមហ៊ុន KGI Securities បានបង្ហាញចេញនូវរបាយការណ៍
ទស្សន៍ទាយទៅលើបណ្តាផលិតផលថ្មីៗរបស់ Apple នៅក្នុងឆ្នាំ ២០១៦។ ជាដំបូង លោកបានឲ្យដឹង ថា លទ្ធភាពច្រើនដែល Apple នឹងធ្វើការផលិតចេញនូវស្មាតហ្វូន ដែលត្រូវបានចាត់ទុកជាម៉ូដែល
កំណែទម្រង់របស់ iPhone 5S ជាមួយនឹងអេក្រង់ទំហំ 4 inch នៅពាក់កណ្តាលឆ្នាំក្រោយ។ ក្នុងនោះ
ស្មាតហ្វូនថ្មីរបស់ Apple នេះ នឹងបំពាក់នូវ chip A9 (ដែលបានប្រើនៅលើ iPhone 6S និង iPhone 6S Plus), សំបកធ្វើពីលោហធាតុ, តែវាមិនមាន 3D Touch នោះទេ ដោយគោលដៅដើម្បីរក្សាជាកំរិត ម៉ូដែលផលិតផលមានតម្លៃទាបបន្តិច។
បន្ទាប់មកគឺការប៉ាន់ស្មានស្តីពី iPhone 7។ លោក Kuo មានការទស្សន៍ទាយដោយប្រុងប្រយ័ត្នថា iPhone ស៊េរីខ្ពស់បំផុតទាំងពីរម៉ូដែល នៅក្នុងឆ្នាំ ២០១៦ នឹងត្រូវបានដំឡើងបំពាក់នូវ chip A10 ក្នុង
គោលដៅបង្កើននូវសមត្ថភាព ដើម្បីជួយសម្រួលប្រព័ន្ធប្រើប្រាស់បានដោយរលូន លើបណ្តាប្រព័ន្ធ ប្រតិបត្តិការដែលនឹងធ្វើកំណែទម្រង់ថ្មីៗ ក្នុងពេលអនាគត។ ជាពិសេសអ្នកវិភាគរូបនេះបានជឿជាក់
ថា Apple នឹងធ្វើការសម្រេចបែងចែកភាពខុសគ្នារវាង iPhone 7 និង iPhone 7 Plus មិនត្រឹមតែនៅ លើទំហំអេក្រង់ប៉ុណ្ណោះទេ គឺខុសគ្នានៅលើ RAM ថែមទៀត។ iPhone 7 ត្រូវបានគេរំពឹងថា នឹងប្រើ
ប្រាស់ RAM 2GB ចំណែក iPhone 7 Plus វិញនឹងប្រើប្រាស់ RAM 3GB។
ជាចុងក្រោយលោក Kuo បានបញ្ជាក់ឲ្យដឹងបន្ថែមថា Foxconn នឹងជាក្រុមហ៊ុនធ្វើការដំឡើងផ្តាច់មុខ iPhone ថ្មី (ទំហំ 4 inch)។ ក្នុងនោះ TSMC នឹងត្រូវបាន Apple ប្រគល់ឲ្យផលិតផ្គត់ផ្គង់ chip A9 ដល់ iPhone 4 inch ក៏ដូចជា chip A10 ដល់បណ្តាផលិតផលថ្មីៗក្នុងឆ្នាំ ២០១៦។
គួរបញ្ជាក់ផងដែរថា អ្នកវិភាគ Ming-Chi Kuo មកពី KGI Securities តែងតែធ្វើការទស្សន៍ទាយទៅ លើផលិតផល Apple ក្នុងកំរិតគួរឲ្យជឿទុកចិត្ត ខ្ពស់គួរសម។ លោកធ្លាប់បានធ្វើការប៉ាន់ស្មានត្រឹមត្រូវ ការដែល Apple បញ្ចេញនូវគំរូ iPhone 4.7 inch និង 5.5 inch, ខ្នាតវិមាត្រពីរទំហំរបស់ Apple Watch, MacBook 12 inch ក៏ដូចជាទៅលើលក្ខណៈសម្បត្តិរបស់ iPhone 6S ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ MacRumors, Tinhte