យោងតាមរូបគំនូសព្រាង នៃការរចនាម៉ូត ដែលត្រូវបានគេចាត់ទុកថាវាជារបស់ iPad Air ជំនាន់ថ្មី (ហៅបណ្តោះអាសន្នថា iPad Air 3) បានបង្ហាញឲ្យឃើញថា ឧបករណ៍នឹងមានអំពូល Flash LED នៅផ្នែកខាងក្រោយ និងមាន Speaker បន្លឺសម្លេងចំនួនបួន ដូចទៅនឹង iPad Pro បច្ចុប្បន្ននេះដែរ។
កាលពីមុន iPad Air 2 មាន Speaker បន្លឺសម្លេងតែពីរទេ ស្ថិតនៅផ្នែកខាងក្រោម ពេលនេះប្រហែល iPad Air 3 នឹងត្រូវបន្ថែម Speaker ពីរទៀតនៅផ្នែកខាងលើ ដែលវានឹងផ្តល់មកនូវគុណភាពសម្លេង ពិរោះល្អ ឮខ្លាំងជាងមុន។ ក្រៅពីនេះ Apple អាចនឹងបន្ថែមអំពូល Flash LED ដើម្បីបំពេញតម្រូវការ ទម្លាប់នៃការកាន់ថេប្ល៊េតថតរូប របស់អតិថិជនប្រើប្រាស់ជាច្រើននាក់។
ព័ត៌មានចចាមអារ៉ាមមួយចំនួនផ្សេងទៀតបានឲ្យដឹងថា ប្រហែលជា iPad Air 3 នឹងមិនមានបំពាក់ បច្ចេកវិទ្យា 3D Touch នោះទេ។ ឧបករណ៍អាចប្រើ chip ដំណើរការ A9 ឬ A9X, រន្ធ Smart Connector កាមេរ៉ាមានការអាប់ឌេតប្រសើរជាងមុន ហើយបំពាក់អេក្រង់ LCD Oxide TFT ដែលផ្តល់នូវប្រសិទ្ធ ភាពផលិតកម្មខ្ពស់ រូបភាពច្បាស់ល្អជាងមុន។ ក្រៅពីនេះ លទ្ធភាពច្រើនដែលអេក្រង់ iPad Air 3 បំពាក់នូវបច្ចេកវិទ្យាជួយសន្សំសំចៃថាមពលថ្ម ដូចមាននៅលើ iPad Pro ដែរ។
តាមការប៉ាន់ប្រមាណទុក Apple នឹងធ្វើការបង្ហាញណែនាំ iPad Air ជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍មួយ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ដែលអាចចំពេលគ្នាជាមួយនឹង iPhone ទំហំ ៤អ៊ីនថ្មី ដែលកំពុងតែលេចចេញនូវព័ត៌មានចចាមអារ៉ាមពីវាជាច្រើន កាលពីពេលថ្មីៗនេះ៕
- អានអត្ថបទ៖ ច្បាស់ហើយដែលថា LG G5 មានកាមេរ៉ាក្រោយពីរ រីឯប៊ូតុងដំឡើងបន្ថយសម្លង ប្តូរមកដាក់នៅផ្នែកគែមវិញ
- អានអត្ថបទ៖ Samsung កំពុងសម្ងំអភិវឌ្ឍ Galaxy A9 Pro មានអេក្រង់ ៦អ៊ីន ឬធំជាងនេះ, បង្ហាញកំរិតភាពច្បាស់ដល់កំរិត 2K
ប្រែសម្រួល៖ មង្គល
ប្រភព៖ MacRumors, Tinhte