បន្ទាប់ពីមួយរយះពេលរំលឹកប្រាប់ឲ្យដឹងមក ទីបំផុតស្មាតហ្វូន BlackBerry ក៏បានប្រកាសជាផ្លូវការថាបិទទ្វារផ្នែកផលិត Hardware ដោយប្រគល់ទៅឲ្យដៃគូសហការរបស់ខ្លួន ធ្វើវិញ។
តាមប្រភពព័ត៌មានពី Independent បានចុះផ្សាយឲ្យដឹងថា BlackBerry នឹងបញ្ឈប់រចនាម៉ូត និងផលិតស្មាតហ្វូនទៀតហើយ ដែលមានន័យថា BlackBerry បញ្ឈប់ការផលិតបណ្តាស្មាតហ្វូន ដែលធ្លាប់ល្បីល្បាញ ទៅលើស្មាតហ្វូនដែលមាន ប៊ូតុងចុចប្រភេទ QWERTY ដោយខ្លួនឯងផ្ទាល់ទៀតហើយ។
ក្រុមហ៊ុននេះ ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត និងសំខាន់បំផុតនៅលើពិភពលោក។ ប៉ុន្តែបច្ចុប្បន្ន BlackBerry នឹងបញ្ឈប់ការងារផលិតស្មាតហ្វូន ដោយខិតខំតែទៅលើការអភិវឌ្ឍន៍ Software ដល់បណ្តាដៃគូរសហការវិញ។
ការពិតទៅ “ការស្លាប់” របស់ BlackBerry ត្រូវបានគេស្មានដឹងមុន ដូចទៅនឹងករណី ស្តេចក្រាញ់ ផ្នែកទូរស័ព្ទមួយទៀតដែរ នោះគឺ Nokia។ ក្រុមហ៊ុនទាំងពីរនេះ បានធ្លាប់ឡើងដល់ចំនុចកំពូលមួយ នៃទីផ្សារទូរស័ព្ទ ប៉ុន្តែក្រោយមកត្រូវបានវ៉ាដាច់វិញ បន្តបន្ទាប់គ្នាពីខាង Samsung និង Apple។
មុននឹងចេញនូវសេចក្តីសម្រេចនេះ BlackBerry ធ្លាប់បានខំប្រឹងប្រែងយ៉ាងខ្លាំង ដោយជ្រើសរើសនូវ ជម្រើសរើសផ្សេងៗ ដូចជាប្តូរមកប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ Google បំពាក់ដល់បណ្តាស្មាតហ្វូនរបស់ក្រុមហ៊ុន។ ជាក់ស្តែង លទ្ធផលនៃការផ្លាស់ប្តូរ មិនគ្រប់គ្រាន់ដើម្បីឲ្យ BlackBerry អាចរក្សាបាននូវ ផ្នែក Hardware នេះនោះទេ៕
- Apple បានចាប់ផ្តើមអភិវឌ្ឍ iPhone 8 នៅអ៊ីស្រាអ៊ែល និងអាចបញ្ចេញលក់ នៅឆ្នាំក្រោយតែម្តង?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Independent, vreview