មិនត្រឹមតែស្ដ្រីនោះទេ ប៉ុន្ដែសូម្បីតែសត្វញី ឬបុរសដែលមិនមានពុកមាត់ ក៏ត្រូវបានគេហាមមិនឱ្យចូលកាន់តំបន់បុរសនេះ នៅប្រទេសក្រិក។
ដើមឡើយ គេធ្លាប់ឮតែនគរមួយ ដែលមានសុទ្ធតែស្រីៗ ប៉ុន្ដែតាមពិត ពិភពលោកនេះ ក៏នៅមានតំបន់មួយដែលមានសុទ្ធតែបុរស។ “ពិភពបុរស” នេះ គេហាក់ជឿថាវាមានតែនៅក្នុងរឿងភាពយន្ដ ប៉ុន្ដែ វាពិតជាមានប្រាកដ និងជាតំបន់ដែលមានសុទ្ធតែបុរសចំនួន ២៥០០នាក់ ពួកគេកំពុងរស់នៅលើកំពូលភ្នំ Athos នៃឧបទ្វីប Macedonia ក្នុងប្រទេសក្រិក។
តំបន់ចម្លែកនេះ មានវិហារសាសនាតូចធំ ប្រហែលជា ២០ ហើយបុរសស្ទើរតែទាំងអស់នៅទីនេះ គឺជាបព្វជិត។ តាំងពីឆ្នាំ ១០៤០ មហាក្សត្រក្រិក បានប្រកាសជាផ្លូវការ យកតំបន់នេះ ទុកសម្រាប់តែបព្វជិតគ្រឹសសាសនាជាបុរស។
ឆ្នាំ ១០៦០ ដោយសារតែច្បាប់ទម្លាប់ សម្រាប់តែបព្វជិតបុរស ដូច្នេះតំបន់នេះក៏ត្រូវបានដាក់បំរាម ហាមមិនឱ្យមានវត្តមានរបស់ស្ដ្រី។
រហូតមកដល់បច្ចុប្បន្ន កំពូលភ្នំចម្លែកនេះ មានបុរសចំនួន ជាង ២៥០០នាក់ (ប្រភពខ្លះថា ១៩០០នាក់) រស់នៅ ក្នុងនោះមាន ១៣០០ នាក់ គឺជាអ្នកបួស ក្រៅពីនេះ គឺជាអ្នកបម្រើ និងសិស្ស។
ស្ដ្រី និងសត្វញី ត្រូវបានហាមមិនឱ្យចូលតំបន់នេះ ព្រោះពួកគេយល់ថា សម្រស់ដ៏ទាក់ទាញរបស់ស្ដ្រីភេទ គឺជាប្រការដែលនាំទៅរកវិនាស និងរារាំងបព្វជិតទាំងនោះ ទៅកាន់ឋានសួគ៌។
នៅក្នុងតំបន់នេះ សត្វញី រួមមាន គោ មាន់ សេះ ជ្រូកជាដើម ក៏មិនត្រូវបានអនុញ្ញាតឱ្យរស់នៅ។ ប្រសិនជាអាច ប្រជាជននៅទីនេះ ក៏មានបំណងហាមទាំងសត្វស្លាបផងដែរ។
ចាប់តាំងពីបណ្ដាបព្វជិតដំបូងៗនៅទីនេះ អះអាងថា ពួកគេបានឃើញព្រះនាង Mary (មាតាព្រះយេស៊ូ) ពួកគេក៏ស្បត់ថា នឹងគោរពតែព្រះនាងអង្គនេះ ដោយមិនឱ្យស្ដ្រីផ្សេង ឈានជើងចូលមកទីនេះទៀត។
បណ្ដាបុរសដែលរស់នៅលើកំពូលភ្នំចម្លែកនេះ ត្រូវបានគេនាំមក តាំងពីពេលទើបចាប់កំណើត ដូច្នេះពួកគេមិនមាននឹករឭកអ្វីដល់រូបរាងស្ដ្រីពិតនោះទេ។ ជាក់ស្ដែង បុរសនៅទីនេះ មិនបានយកចិត្តទុកដាក់ដល់ប្រការនេះ។
ដោយសារតែសមាហរណកម្ម ទីនេះក៏បានបើកទ្វារ ទទួលភ្ញៀវមកទស្សនា ប៉ុន្ដែ មានតែបុរសពិតប្រាកដ ទើបត្រូវបានអនុញ្ញាតឱ្យចូល។ ដើម្បីបានចូលទីនេះ អ្នករាល់គ្នានឹងត្រូវគេត្រួតពិនិត្យយ៉ាងម៉ត់ចត់ សូម្បីតែអ្នកដែលមិនមានពុកមាត់ ក៏មិនត្រូវបានអនុញ្ញាត។
បុរសរស់នៅទីនេះ នៅពេលស្លាប់ ក៏ត្រូវគេរក្សាទុកនៅទីនេះ។ ធាតុរបស់ពួកគេនឹងត្រូវលាងជម្រះដោយស្រា.ស ហើយរក្សាទុកក្នុងបន្ទប់រួមមួយ ដើម្បីបង្ហាញអំពីការសាមគ្គី។
បើទោះជាមានការហាមឃាត់យ៉ាងតឹងរឹងក៏ដោយ មកដល់ពេលនេះ ក៏មានស្ដ្រីពីររូបហើយដែលបានលួចចូលតំបន់នេះដោយជោគជ័យ ។ ស្ដ្រីដំបូងដែលបានចូលដល់ទីនេះ គឺទស្សនវិទូ ជនជាតិបារាំង Maryse Choisy ។ អ្នកស្រីបានក្លែងបន្លំជាបព្វជិត និងរស់នៅទីនេះបានមួយខែ។ ក្រោយមក អ្នកស្រីបានបញ្ចេញសៀវភៅមួយក្បាលដែលជាស្នាដៃរបស់ខ្លួន មានចំណងជើងថា “មួយខែរស់នៅជាមួយបុរស” ។ សៀវភៅនេះ ទទួលបានការចាប់អារម្មណ៍ និងមានឈ្មោះល្បី។
ស្ដ្រីទីពីរ គឺជាបវរកញ្ញាដំបូងរបស់ក្រិក។ អ្នកស្រីមិនអាចទប់បាននូវការចង់ដឹងរបស់ខ្លួន ទើបក្លែងខ្លួនជាបុរស និងលួចចូលទីនេះ។ សកម្មភាពនេះរបស់អ្នកស្រី ត្រូវបានគេថ្កោលទោសយ៉ាងខ្លាំងក្លា នៅលើទស្សនាវដ្ដី Times Magazine លេខចេញផ្សាយ ខែកក្កដា ឆ្នាំ ១៩៥៣ ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វត្តសៅលិញ និងចៅអធិការ រកបានប្រាក់ជាង ១៥លានដុល្លាររាល់ឆ្នាំ ពីក្រុមហ៊ុន
ជីវិតរស់នៅរបស់ប្រជាជន នៃប្រទេសដែលបរាជ័យបំផុត ក្នុងពិភពលោក
ទស្សនាហាងកាហ្វេ Internet - កន្លែងរស់នៅ របស់ប្រជាជនក្រីក្រ នៅជប៉ុន
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SMH/SH