CamNews

ទូរស័ព្ទ 

Samsung អនុញ្ញាត Galaxy Note 7 ដែលជាម៉ូដែលត្រូវប្រមូលចូលក្រុមហ៊ុនវិញ អាចសាកថ្មបានដល់ ៨០%

ដោយសារតែមានអ្នកប្រើប្រាស់ជាច្រើននាក់ទៀត នៅតែមិនទាន់ចូលរួមកម្មវិធីផ្លាស់ប្តូរយក Note 7 ថ្មីមានសុវត្ថិភាព Samsung បានបញ្ចេញនូវកំណែអាប់ឌេតមួយ កំណត់កម្រិតសាកថ្មចុះមកត្រឹម​កម្រិត ៦០% តែប៉ុណ្ណោះ នៅលើបណ្តា Galaxy Note 7 ដែលត្រូវប្រមូលចូលក្រុមហ៊ុនវិញ ដែលកម្មវិធី​កំណែអាប់ឌេតនេះ ចាប់ផ្តើមដំបូងគេនៅកូរ៉េខាងត្បូង។ ប៉ុន្តែ ជាក់ស្តែងគេរកឃើញថា Note 7 អាច​សាកថ្មបានច្រើនជាងកម្រិត ៦០%។ 


បើតាមប្រភពពីគេហទំព័របច្ចេកវិទ្យា The Verge បានឲ្យដឹងថា មានរបាយការណ៍ពីកូរ៉េខាងត្បូង​បាន​បង្ហាញឲ្យឃើញ កំណែអាប់ឌេតកំណត់កម្រិតសាកថ្មនៅលើ Galaxy Note 7 ដែលត្រូវប្រមូល​ចូលវិញ​របស់ Samsung ត្រូវបានកែប្រែបន្ថែមនូវជម្រើសថ្មីមួយចំនួន។ ក្នុងនោះ អ្វីដែលគួរចាប់​អារម្មណ៍គឺ ជម្រើស "Limit maximum charge to 60%" ក្នុង "Advanced settings" ដែលអាចបិទ​បើកបាន។ នៅ​ពេលអ្នកបិទចោលនូវជម្រើសនេះ Galaxy Note 7 អាចសាកថ្មបានដល់ទៅ ៨០%។ កត្តានេះ ប្រហែល​ជា Samsung ចង់ជួយសម្រួលដល់បណ្តាអ្នកប្រើប្រាស់ ដែលមានតម្រូវការ​ប្រើប្រាស់ច្រើន មានភាព​ងាយស្រួលបន្តិច។


បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា រឿងនេះបានអនុវត្តជាមួយនឹងអ្នកប្រើប្រាស់ នៅតាមបណ្តាប្រទេស​ផ្សេងៗទៀតដែរឬក៏អត់នោះទេ? គួរបញ្ជាក់ផងដែរថា Samsung បានចាប់ផ្តើមដាក់ចេញកំណែ​អាប់ឌេត​កំណត់​កម្រិតសាកថ្ម ដល់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយសម្រាប់​បណ្តាប្រទេសផ្សេងៗទៀត គឺមានជាបន្តបន្ទាប់នៅថ្ងៃខាងមុខឆាប់ៗនេះ។ សម្រាប់ប្រទេសកម្ពុជា គឺបានទទួលការអាប់ឌេតនេះ កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅនេះរួចហើយ។

បើទោះបីជាការកំណត់កម្រិតសាកថ្ម បានអាប់ឌេតហើយពិតមែន ប៉ុន្តែសំដីណែនាំពីខាង Samsung នៅតែមាន ដោយឲ្យអ្នកគួរតែយក Galaxy Note 7 ដែលជាម៉ូដែលត្រូវប្រមូលចូលវិញ ទៅប្តូរយក​ថ្មី​កាន់តែឆាប់កាន់តែល្អ។ ក្រៅពីនេះក្រុមហ៊ុន ក៏បានប្រកាសប្រាប់អ្នកប្រើប្រាស់ ពីរបៀបកំណត់សំគាល់ Galaxy Note 7 ម៉ូដែលមានសុវត្ថិភាពគឺ វានឹងមានរូប icon ថ្មពណ៌បៃតង និងមានរូបបួន​ជ្រុងតូចពណ៌​ខ្មៅនៅលើសំបករបស់ស្មាតហ្វូន៕

- iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពេលប្រើប្រាស់
- Samsung កំណត់បញ្ជាក់ឲ្យដឹង នូវការរាយការណ៍ខុសចំនួន ២៦​ ករណី ស្តីពី Galaxy Note 7 ផ្ទុះឆេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview


Tags: Samsung Galaxy Note 7 Recall model Smartphone Hightech