Samsung បានរំពឹងទុកថា នឹងធ្វើការសើរើតំណែងបុគ្គលិកជាន់ខ្ពស់របស់ខ្លួន ចំនួន ២០% នៅចុងឆ្នាំនេះ។ មនុស្សដែលប្រឈមមុខខ្លាំងជាងគេគឺលោក នាយកគ្រប់គ្រងផ្នែកឧបករណ៍ចល័ត Koh Dong-jin រួមជាមួយនឹងបណ្តាជំនួយការរបស់លោក ដែលអ្នកទាំងអស់គ្នា គឺជាអ្នកទទួលខុសត្រូវទៅលើភាពមហន្តរាយរបស់ Note 7 កាលពីពេលកន្លងទៅនេះ។
តាមប្រភពពី MBC, ក្រុមហ៊ុន Samsung បានចាប់ផ្តើុំមអនុវត្តការវាយតម្លៃសមត្ថភាព នៃបណ្តាបុគ្គលិក ជាន់ខ្ពស់របស់ខ្លួន ហើយរំពឹងទុកថា នឹងធ្វើការកាត់បន្ថយចំនួន ២០%។ បច្ចុប្បន្ន បុគ្គលិកជាន់ខ្ពស់នៅ Samsung មានចំនួន ១,០០០ នាក់ ដូច្នេះនឹងមានចំនួនប្រហែល ២០០ នាក់ នឹងត្រូវបានដក ចេញពី តំណែងបច្ចុប្បន្នរបស់ខ្លួន។
ជារៀងរាល់ឆ្នាំ នៅខែធ្នូ Samsung តែងតែធ្វើការវាយតម្លៃ និងផ្លាស់ប្តូរតំណែង បុគ្គលិកជាន់ខ្ពស់របស់ខ្លួន។ ជាក់ស្តែងនៅឆ្នាំនេះ បន្ទាប់ពីមហន្តរាយនៃការផ្ទុះឆេះរបស់ Note 7 ស្តង់ដារនៃការវាយតម្លៃ នឹង កាន់តែមានភាពហ្មត់ចត់ជាងមុនច្រើន។ កាលពីឆ្នាំមុន Samsung ក៏បានសើរើផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់ចំនួន ១២៩ នាក់ដែរ។
លោក Koh Dong-jin ប្រធានគ្រប់គ្រងផ្នែក ឧបករណ៍ចល័ត របស់ Samsung
បុគ្គលិកជាន់ខ្ពស់ ដែលប្រឈមមុខនឹងការសើរើតំណែងជាងគេនោះគឺ ប្រធានគ្រប់គ្រងផ្នែក ឧបករណ៍ចល័ត លោក Koh Dong-jin រួមជាមួយនឹងបណ្តាអ្នកជំនួយការរបស់លោកគឺ Rhee In-jong (ផ្នែក Software) និង Roh Tae-moon (ផ្នែក Hardware)។ មុននេះ Rhee In-jong និង Roh Tae-moon ធ្លាប់ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពលេចធ្លោជាងគេ ក្នុងការកាន់តំណែងជា ប្រធានគ្រប់គ្រងផ្នែក ឧបករណ៍ចល័ត ក្នុងថ្ងៃអនាគត។ ជាក់ស្តែងបន្ទាប់ពីមានបញ្ហាយ៉ាងធ្ងន់ធ្ងរលើ Note 7 អនាគតរបស់ ពួកគេ ប្រែក្លាយជាមានភាពស្រពិចស្រពិលវិញ។
គួរបញ្ជាក់ផងដែរ មុនក្លាយជាប្រធានផ្នែកឧបករណ៍ចល័ត លោក Koh Dong-jin គឺជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍឧបករណ៍ចល័ត (mobile R&D) និងបានដឹកនាំបណ្តាគម្រោងអភិវឌ្ឍស្តីពី ប៊ិក S-Pen និង feature ស្គែនប្រស្រីភ្នែកយ៉ាងពិសេសនៅលើ Note 7។ បើតាមការកំណត់បញ្ជាក់របស់ បុគ្គលិក Samsung មួយចំនួន បានឲ្យដឹងថា ការសើរើតំណែងលោក Koh Dong-jin ក្រោយពីការកាន់តំណែងបានរយះពេលតែមួយឆ្នាំ អាចជះឥទ្ធិពលអាក្រក់ ដល់សតិអារម្មណ៍របស់ បណ្តាបុគ្គលិក ជាន់ខ្ពស់ដទៃផ្សេងទៀត ក៏ដូចជា ដាក់សម្ពាធយ៉ាងខ្លាំងទៅលើ អ្នកដែលនឹងមកកាន់តំណែងជំនួស លោក Koh Dong-jin៕
- Samsung បញ្ចេញ Tablet កាត់ Laptop Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB
ប្រែសម្រួល៖ មង្គល
ប្រភព៖ koreaherald, tinhte