តាមប្រភពពីសារព័ត៌មាន Wall Street Journal ដែលបានចុះផ្សាយឲ្យដឹង នូវព័ត៌មានថ្មីបំផុតមួយ ពាក់ព័ន្ធនឹង iPhone 7 ថាវានឹងលែងមានម៉ូដែលទំហំ 16GB ទៀតហើយ ពោលគឺ iPhone 7 នឹងមានអង្គផ្ទុកទិន្នន័យតាបបំផុតចាប់ពី 32 GB ឡើងទៅ រហូតដល់ទំហំធំបំផុតគឺ 256GB។
ក្នុងស្ថានការណ៍ដែលទំហំនៃបណ្តា App ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានទំហំធំឡើងៗដោយសារតែត្រូវគាំទ្រនូវប្រភេទអេក្រង់ Retina ហើយកាមេរ៉ាក៏កើនឡើងនូវទំហំភិចហ្សែល រីឯការថតវីដេអូ ក៏ឡើងដល់កំរិត 4K ដូច្នេះការបំពាក់អង្គផ្ទុកទិន្នន័យធំជាងមុន គឺជាសកម្មភាពដែលសមស្របនឹងកាលៈទេសៈបច្ចុប្បន្ននេះ។
ប្រភពព័ត៌មានក៏បានបង្ហើបឲ្យដឹងថា iPhone 7 Plus នឹងមានបំពាក់នូវកាមេរ៉ាក្រោយចំនួនពីរ ចំណែកiPhone 7 នៅតែបំពាក់កាមេរ៉ាចំនួនមួយដដែល ប៉ុន្តែបំពាក់នូវចង្កោមកាមេរ៉ាធំជាងមុន បើប្រៀបនឹង iPhone 6s សព្វថ្ងៃ។ ប្រភពព័ត៌មានក៏បានបន្ថែមឲ្យដឹងថា iPhone 7 នឹងមិនមានពណ៌ប្រផេះដូចមុន សម្រាប់ជ្រើសរើសទៀតនោះទេ ដោយប្តូរទៅប្រើពណ៌ខ្មៅវិញ។ Apple ត្រូវបានឲ្យគេដឹងថា នឹងធ្វើការបង្ហាញណែនាំ iPhone 7 នៅក្នុងខែកញ្ញា ឆ្នាំនេះ៕
ប្រែសម្រួល៖ មង្គល