ចំនួននៃផលិតផល ឧបករណ៍ចល័តរបស់ Samsung នៅមិនទាន់បានបញ្ឈប់នោះទេ។ ជាក់ស្តែង ថ្មីៗនេះ គំរូស្មាតហ្វូនថ្មីមួយ ដែលមានអេក្រង់ធំដល់ទៅ ៧អ៊ីន ដែលមានឈ្មោះហៅថា Galaxy J Max ទើបតែត្រូវបានគេបង្ហើបមកឲ្យដឹង។
តាមប្រភពពីគេហទំព័រ PhoneArena បានផ្សាយឲ្យដឹងថា គណនី Twitter @evleaks កាលពីពេលថ្មីៗនេះ បានបន្តបង្ហោះនូវរូបភាព ដែលត្រូវបានគេដឹងថា ជាស្មាតហ្វូនស៊េរីមធ្យម ជិតធ្វើការបង្ហាញណែនាំខ្លួន របស់ក្រុមហ៊ុន Samsung។ ដោយវាមានឈ្មោះហៅថា Galaxy J Max វាត្រូវបានគេចាត់ទុកជាស្មាតហ្វូនកាត់ថេប៊្លែត ដោយសារតែវាមានទំហំអេក្រង់ធំជាងគេ ពោលគឺឡើងដល់ទំហំ ៧អ៊ីនឯណោះ។ យើងក៏អាចចាត់ទុក Galaxy J Max ជាថេប៊្លែតមួយ ដែលមានសមត្ថភាពអាច សន្ទនាទូរស័ព្ទបាន ជាមួយនឹងការគាំទ្រប្រើបានស៊ីមពីរ និងមានគ្រប់បណ្តាតំណភ្ជាប់រួមទាំង 4G LTE ផងដែរ។
បច្ចុប្បន្នគំរូស្មាតហ្វូនមានអេក្រង់ធំបំផុតស្ថិតក្នុងត្រកូល J-series គឺ Galaxy J7 ជាមួយនឹងអេក្រង់ទំហំ ៥,៥អ៊ីន។ ចំណែក Galaxy J Max នេះវិញ វារឹតតែធំខ្លាំង ដែលនឹងមិនមានស្មាតហ្វូនណាធំជាងទៀតនោះទេ។ ដោយវាស្ថិតក្នុងត្រកូល J ដូច្នេះស្មាតហ្វូននេះ ស្ថិតក្នុងម៉ូដែលស៊េរីមធ្យមប៉ុណ្ណោះ៕
- អានអត្ថបទ៖ iPhone 7 នឹងជួយឲ្យអតថិជន មានបំណងចង់ទិញប្រើ សន្សំសំចៃបាន ១០០ដុល្លារ បើធៀបនឹង iPhone 6S
ប្រែសម្រួល៖ មង្គល