អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 7 មិនតិចឡើយ បានឲ្យដឹងថា ឧបករណ៍របស់ខ្លួន បានជួបនូវ បញ្ហាអេក្រង់ខៀវ ឬ ស ហើយត្រូវ Restart ម៉ាស៊ីនដោយស្វ័យប្រវត្តិ តែម្តង។ Apple បានធ្វើការ ប្រកាសថា នឹងដោះស្រាយកែសម្រួលកំហុសនេះ នៅក្នុងការអាប់ឌេតថ្មី។
បើតាម The Verge ពេលដែលអ្នកប្រើប្រាស់បើកនូវបណ្តា App ដូចជា iWork, iPhone ប្រើ iOS 7 អាចនឹងជួបប្រទះនូវការ Error លេចចេញនូវអេក្រង់ពណ៌ខៀវ ស ឬខ្មៅ ហើយ Restart ទូរស័ព្ទ ដោយខ្លួនឯងតែម្តង។ នេះគឺជាកំហុសមួយ ដែលយើងធ្លាប់បានដឹងថា តែងតែកើតឡើងជាមួយនឹង អ្នកប្រើប្រាស់ប្រើ Windows ហើយពួកគេតែងហៅកំហុស Error នេះថា "Blue screen of death"។
"នៅក្នុងកំណែអាប់ឌេត Software ខាងមុខនេះ ពួកយើងនឹងធ្វើការកែសម្រួល កំហុស Error នៅលើ អេក្រង់ Home នេះ", Trudy Muller អ្នកតំណាងរបស់ Apple បានបញ្ជាក់ជាមួយ Mashable។
កំហុសអេក្រង់ខៀវ នៅលើ iOS 7 (រូបភាព៖ The Verge)
កំហុស Error នេះត្រូវបាន អ្នកប្រើប្រាស់ ជួបប្រទះទាំងពីដើមខែ កញ្ញា មកម្ល៉េះ ហើយពូកគេ ក៏ បានដាក់ជាការពិភាក្សាគ្នា នៅលើ Forum របស់ Apple និងបណ្តាញសង្គម Twitter។ កំហុសនេះ បានកើតឡើង នៅលើគ្រប់ iPhone ណាដែលប្រើ iOS 7 ហើយអាចធ្វើឲ្យថាមពលថ្ម នៅក្នុងទូរ ស័ព្ទ ធ្លាក់ចុះនៅសល់តែ ៣០% ប៉ុណ្ណោះ។
បើតាមប្រភពពី BGR បានឲ្យដឹងថា Apple បានផ្គត់ផ្គង់នូវកំណែ iOS 7.1 ដល់បណ្តាដៃគូសហការ ពិសោធតាំងពីខែធ្នូ ឆ្នាំ២០១៣ ប៉ុន្តែត្រូវរង់ចាំដល់ ខែមីនា ឆ្នាំ២០១៤ ទើបកំណែថ្មីនេះ ត្រូវបាន ដាក់ចេញជាផ្លូវការ ដល់អ្នកប្រើប្រាស់៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress