ម៉ូដែល iPhone 8 Dual SIM អាចនឹងមានប្រើតែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ ដែលជាទីកន្លែងមានប្រជាជនចូលចិត្តប្រើប្រាស់ស៊ីមច្រើន នៅលើទូរស័ព្ទតែមួយគ្រឿង។
(រូបតំណាង)
iPhone 8 ត្រូវបានគេឲ្យដឹងថា នឹងមានបំពាក់នូវបណ្តា Feature មួយចំនួន ដែលមិនធ្លាប់មានពីមុនមក មានជាអាទិ៍ដូចជា វាអាចនឹងបំបាត់ចោលនូវប៊ូតុង Home ដូចបច្ចុប្បន្ននេះ និងប្រើប្រាស់អេក្រង់ប្រភេទ OLED ជំនួសឲ្យអេក្រង់ LCD។
ថ្មីៗនេះ ប្រភពព័ត៌មានពីប្រទេសចិន ថែមទាំងបានបញ្ជាក់ជាលើកដំបូងថា Apple នឹងបំពាក់ទ្រនាប់ដាក់បានស៊ីមកាតពីរ លើម៉ូដែល iPhone 8។ តាមរយះនេះ iPhone ម៉ូដែលប្រើស៊ីមពីរ គឺជាកាដូពិសេសពី Apple សម្រាប់ទីផ្សារប្រទេសចិន។
បើទោះបីជា នៅមិនទាន់មានបញ្ជាក់ជាផ្លូវការ ប៉ុន្តែរូបភាពចចាមអារ៉ាមនៅលើបណ្តាញទំនាក់ទំនង Weibo បានបង្ហាញឲ្យឃើញថា Apple បានដាក់លិខិតសុំចុះបញ្ជី ប័ណ្ណប៉ាតង់មួយចំនួន នៅប្រទេស ចិនពាក់ព័ន្ធនឹងបច្ចេកវិទ្យាស៊ីមពីរ។ ក្នុងនោះ ប័ណ្ណប៉ាតង់មួយពាក់ព័ន្ធនឹង ការជ្រើសរើសស៊ីម ចំណែកប័ណ្ណប៉ាតង់ដែលនៅសល់ និយាយអំពីសមត្ថភាពនៃការប្រើប្រាស់ថាមពលថ្ម នៃបច្ចេកវិទ្យាស៊ីមពីរនេះ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Zing