នៅក្នុងសប្តាហ៍នេះ មានព័ត៌មានពីរផ្សេងគ្នា បានកំណត់បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹង ធ្វើការបង្ហាញខ្លួន ឆាប់ៗខាងមុខនេះ លឿនជាងរាល់ឆ្នាំ។
កាលពីថ្ងៃទី ២១ ខែមករា អ្នកសារព័ត៌មានបច្ចេកវិទ្យា ជនជាតិរុស្ស៊ី Eldar Murtazin បានបង្ហោះ ព័ត៌មាននៅលើ Twitter ថា iPhone 6 អាចនឹងត្រូវបានប្រកាសបង្ហាញខ្លួន ឆាប់ៗ នៅខែមិថុនា ឆ្នាំ ២០១៤ ពោលគឺពេលវេនៃការបង្ហាញផលិតផលថ្មី បានថយចុះមកនៅត្រឹម ៩ខែប៉ុណ្ណោះ ជំនួស ឲ្យពេលវេលាមួយឆ្នាំ ដូចមុន។
ក្រោយមក អ្នកជំនាញវិភាគ Sun Changxu ក៏បានកំណត់បញ្ជាក់ជាមួយនឹងគេហទំព័រ QQ Tech នៅចិនថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹងបង្ហាញខ្លួន នៅពាក់កណ្តាលឆ្នាំនេះ ដែលជាពេល វេលា Apple នឹងប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំ WWDC ផងដែរ។ ទន្ទឹមនឹងនោះ ស្មាតហ្វូននឹងមាន ទំហំ អេក្រង់ពីរ ផ្សេងគ្នា ដែលទី១ គឺមានទំហំ 4,7 inch កំរិតរីសូលុយហ្សិន 1.136 x 640 pixel និង មួយទៀតគឺ 5,7 inch។
iPhone 6 អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលឆ្នាំ ២០១៤ នេះ (រូបភាព Concept)
នៅចំពោះមុខការផ្លាស់ប្តូរ គ្មានឈប់ឈរ នៅលើទីផ្សារស្មាតហ្វូន ប្រហែលជា Apple មាន អារម្មណ៍ថា ការបង្ហាញផលិតផលថ្មី នៅក្នុងខែ កញ្ញា ដូចរៀងរាល់ឆ្នាំ អាចជាពេលវេលាមួយ យឺតយ៉ាវបន្តិចហើយ ក្នុងការប្រកួតប្រជែង៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress