សម្រាប់ចំនួនតួលេខនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងមិនអាចផ្គត់ផ្គង់គ្រប់តម្រូវការ ដ៏ច្រើនសម្បើម របស់អ្នកប្រើប្រាស់ឡើយ នៅពេលដែលស្មាតហ្វូន iPhone ថ្មីទាំងពីរម៉ូដែល បញ្ចេញលក់ជាផ្លូវការ។
នៅថ្ងៃនេះ Apple ចាប់ផ្តើមអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្នា ធ្វើការកុម្មង់ទិញ iPhone 6 និង iPhone 6 Plus នៅតាមបណ្តាទីផ្សារមួយចំនួនដូចជា អាមេរិច អង់គ្លេស អូស្រ្តាលី កាណាដា បារាំង អាឡឺម៉ង់ ហុងកុង ជប៉ុន ប៉ឺតូរីកូ សាំងហ្គាពួរ (ទៅតាមម៉ោងតំបន់នីមួយៗ) ជាមួយនឹងតំលៃលក់ មិនទាន់គិត ពន្ធ ចាប់ពី ៦៤៩ ដុល្លារអាមេរិក ដល់ ៩៤៩ ដុល្លារអាមេរិច។
បើតាមគេហទំព័រ DigiTimes ដែលបានដកស្រង់ព័ត៌មានពី ប្រភពដែលបានផ្គត់ផ្គង់ដល់ Apple នៅតៃវ៉ាន់ បានឲ្យដឹងថា Apple បានដាក់ចេញផែនការ ផលិតនិងដាក់លក់ iPhone 6 និង iPhone 6 Plus ដល់ចំនួន ៨០លានគ្រឿង បើគិតទៅដល់ចុងឆ្នាំ ២០១៤ នេះ គឺខ្ពស់ជាងកំរិតចំនួន ៦០លាន គ្រឿងនៃ iPhone 5S ដែលបានផលិតចេញ និងលក់ ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ដល់ដាច់ខែធ្នូ ឆ្នាំ ២០១៣។
ជាក់ស្តែង នៅក្នុងចំនួនតួរលេខខាងលើ គឺមានតែចំនួន ១០លានគ្រឿងប៉ុណ្ណោះ ដែលត្រូវបានចែក ចាយលក់នៅលើទីផ្សារ នៅក្នុងខែកញ្ញានេះ ដែលកត្តានេះបានធ្វើឲ្យពិភពបច្ចេកវិទ្យាមានការព្រួយ បារម្ភ។ Apple ធ្លាប់លក់បាន iPhone 5S និង iPhone 5C ដល់ទៅ ៩លានគ្រឿង តែក្នុងរយះពេល ៣ថ្ងៃដំបូង បន្ទាប់មានមុខនៅលើទីផ្សារ។ ការកំណត់ចំនួននេះ អាចនឹងធ្វើធ្លាក់ចូលក្នុងស្ថានភាព ដាច់ស្តុក និងជុំរុញឲ្យតំលៃលក់ iPhone ថ្មីទាំងពីរម៉ូដែល នៅតាមហាង ដែលមិនមែនជា ការិយា ល័យលក់ផ្លូវការរបស់ Apple ឡើងខ្ពស់កប់ពពក មិនខាន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Digitimes, vexpres