ប្រសិនមុននេះ អ្នកយល់ថា hacker គឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ ផ្នែកព័ត៌មានវិទ្យា
ពេលនេះ អត្ថន័យរបស់ hacker ប្រហែលជាលែងដូចមុនទៀតហើយ។ ដោយគ្រាន់តែប្រើ
GPU តម្លៃទាបមួយគ្រាប់ រាល់លេខសម្ងាត់ សុទ្ធតែអាចត្រូវបានគេដឹង។
ឧទាហរណ៍ថា លេខសម្ងាត់របស់អ្នក មាន ៨ខ្ទង់ ក្នុងនោះរួមមានទាំង អក្សរតូច អក្សរធំ និង
លេខមួយចំនួន។ ដូច្នេះ តើអ្នកគិតថា លេខសម្ងាត់នេះ គ្រប់គ្រាន់ដើម្បីការពារទិន្នន័យរបស់
អ្នក ពីការវាយលុករបស់ hacker ? សូមពិចារណាឡើងវិញ!
វិស្វករកុំព្យូទ័រជនជាតិអាមេរិកម្នាក់ គឺ Jon Honeyball ធ្វើការឱ្យក្រុមហ៊ុន PC Pro បានធ្វើការ
ស្រាវជ្រាវ អំពី GPU ជំនាន់ថ្មី មានសមត្ថភាព អាចបំផ្លាញរាល់លេខកូដសម្ងាត់ ដែលគេយល់
ថា មានសុវត្ថិភាពបំផុត។
ដោយការទិញ GPU តម្លៃទាបមួយគ្រាប់ (ដូចជា Radeon HD 5770) ក្រោយមក ដំឡើង
បន្ថែមនូវឧបករណ៍បំផ្លាញលេខសម្ងាត់ ដោយមិនគិតថ្លៃ មានឈ្មោះថា “ighashgpu” ពីទំព័រ
http://www.golubev.com/hashgpu.htm គឺមានន័យថា អ្នកមាននៅក្នុងដៃ នូវអាវុធដ៏គ្រោះថ្នាក់
មួយ។ អ្នកប្រើប្រាស់មួយចំនួន បានសាកល្បង ហើយជឿថា វាពិតជានាំមកនូវប្រសិទ្ធិភាពគួរ
ឱ្យភ្ញាក់ផ្អើល។
ដំបូង ប្រើប្រាស់វិធីនេះ ដើម្បីបំបែកលេខសម្ងាត់ដែលមាន ៥ខ្ទង់ គឺ “fjR8n” ។ CPU ធម្មតា នឹង
ត្រូវចំណាយពេល ២៤វិនាទី ដោយមានល្បឿនស្កេន ៩,៨លានកូដ/វិនាទី ទើបអាចបំផ្លាញ
លេខសម្ងាត់បាន។ ចំណែក GPU វិញ អ្នកនឹងចំណាយពេលត្រឹមតែតិចជាង ១ វិនាទី ក្នុង
ការស្កេនលេខកូដបានច្រើនជាង ៣,៣ពាន់លានកូដ/វិនាទី។ នៅពេលលេខកូដ មាន ៦ខ្ទង់
(pYDbL6) បណ្ដា CPU នឹងចំណាយពេល ១ម៉ោង និង ៣០នាទី ដើម្បីបំផ្លាញ ឬរកឃើញ
លេខកូដ ខណៈដែល GPU ចំណាយត្រឹមតែ ៤វិនាទី។ លំបាកជាងនេះ គឺលេខកូដសម្ងាត់
ដែលមាន ៧ខ្ទង់ (fh0GH5h) គឺ CPU ត្រូវដំណើរការ ៤ថ្ងៃជាប់ៗគ្នា ប៉ុន្ដែ GPU បំផ្លាញវា ក្នុង
រយៈពេល ១៧នាទី កន្លះ។
លេខសម្ងាត់កាន់តែវែង អ្នកនឹងត្រូវចំណាយពេលកាន់តែយូរ ដើម្បីបំបែក។ ដោយការប្រើ
ប្រាស់ CPU អ្នកនឹងត្រូវរង់ចាំ ក្នុងរយៈពេល ៤៣ឆ្នាំ ទើបអាចបំផ្លាញលេខសម្ងាត់ដែលមាន
៩ខ្ទង់ ប៉ុន្ដែ GPU នឹងប្រើពេលត្រឹមតែ ៤៨ថ្ងៃប៉ុណ្ណោះ។
បច្ចុប្បន្ន បើទោះជាអ្នក ប្រើលេខសម្ងាត់ ទាំងសញ្ញា ទាំងគំលាត ទាំងអក្សរតូចធំ និងទាំង
លេខបញ្ចូលគ្នា ក៏វាមិនមានសុវត្ថិភាពនោះដែរ។ ឧទាហរណ៍ ដូចលេខសម្តាង់ “F6 & B” (មាន
គំលាត) បណ្ដា CPU នឹងនាំឱ្យអ្នកត្រូវរង់ចាំ ៧៥ថ្ងៃ ដើម្បីរកឃើញលេខសម្ងាត់ ចំណែក GPU
វិញ គឺ ៧ម៉ោង។
នេះគឺពិតជាឧបករណ៍ដ៏គ្រោះថ្នាក់មួយ ប៉ុន្ដែ បច្ចុប្បន្ន មិនទាន់មានវិធីទប់ទល់នៅឡើយ។
យ៉ាងនេះក្ដី ក្រុមអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា បានផ្ដល់ជាដំបូន្មានដល់អ្នកប្រើប្រាស់កុំព្យូទ័រ
ឱ្យបន្ថែមលេខសម្ងាត់របស់ខ្លួន ឡើងដល់ ១៥ ទៅ ១៦ខ្ទង់។ ប៉ុន្ដែ ប្រការនេះ ក៏បង្កការលំបាក
ដល់អ្នកប្រើប្រាស់ ប្រសិនពួកគេ ភ្លេចលេខកូដណាមួយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pcpro/gen