បុរសម្នាក់នៅប្រទេសជប៉ុន ទើបត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះរូបគេបានលក់ស្មាតហ្វូន iPhone ដែលបាន jailbreak រួច និងបានដំឡើងហ្គេមដែលលួច crack ដល់អតិថិជន។
តាមប្រភពព័ត៌មានពីគេហទំព័រ PhoneArena បានឲ្យដឹងថាបុរសម្នាក់ឈ្មោះ Daisuke Ikeda អាយុ ២៤ឆ្នាំ រស់នៅទីក្រុងតូក្យូ ទើបតែត្រូវបានប៉ូលិសទីក្រុងនេះ ចាប់ខ្លួនដោយសារតែរូបគេបានលក់ iPhone ចំនួន ៥គ្រឿង ដែលបាន jailbreak ទៅឲ្យអតិថិជនចាប់តាំងពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៦ នេះ។ បុរសម្នាក់នេះ បានទទួលប្រាក់ចំណេញប្រហែល ១,១៨៦ ដុល្លារអាមេរិច ពីការលក់iPhone ទាំង ៥គ្រឿងនេះ។ មុននេះ គាត់ក៏បានលក់ iPhone ប្រហែលជា ២០០ គ្រឿងមកហើយ ក្នុងរយះពេលពេញមួយឆ្នាំ ជាមួយនឹងការរកប្រាក់បានប្រហែលជាជិត ៥០,០០០ ដុល្លារអាមេរិច។
មិនច្បាស់ថា ម៉ូដែល iPhone ដែលបាន jailbreak ដែលបុរសខាងលើបានលក់ឲ្យអតិថិជន ជាម៉ូដែលអ្វីខ្លះនោះទេ។ បច្ចុប្បន្នបណ្តា iPhone គ្រប់ជំនាន់ទាំងអស់ (រួមទាំង iPhone 7 និង iPhone 7 Plus) សុទ្ធតែអាច jailbreak បាន ដើម្បីដំឡើងបណ្តា Application ពីភាគីទីបី (មិនមែនពី App Store)។ គួរបញ្ជាក់ថា ក្រៅពី jailbreak រួចហើយ iPhone ទាំង ៥គ្រឿងដែលនិយាយខាងលើនេះ នៅថែមទាំងបានដំឡើងរួចជាស្រេច នូវម៉ូដែល Crack របស់ហ្គេម Monster Strike ដែលជាហ្គេមកំពុងតែពេញនិយមខ្លាំងគួរសមនៅប្រទេសជប៉ុនផងដែរ។
នេះគឺអាចចាត់ទុកថា ជាករណីដំបូងគេហើយ នៅប្រទេសជប៉ុន ដែលត្រូវបានចាប់ខ្លួន ដោយសារតែលក់ iPhone ដែលបាន jailbreak រួចជាស្រេចឲ្យអតិថិជន៕
- iPhone ជំនាន់បន្ទាប់របស់ Apple អាចនឹងប្រើប្រាស់អេក្រង់ ប្រភេទ OLED របស់ក្រុមហ៊ុន Sharp
- iPhone ស៊េរីថ្មីមួយគ្រឿងទៀត ហើបរបើកជាពីរ នៅក្នុងប្រអប់តែម្តង នៅប្រទេសចិន
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, genk