CamNews

បច្ចេកវិទ្យា 

ផ្ទាំងទស្សនីយភាព តំបន់ទេសចរណ៍ ទីប្រជុំជន ដងវិថី នៅកម្ពុជា ត្រូវបានដាក់បង្ហាញលើ Street View

- មនុស្សយុគសម័យ បច្ចេកវិទ្យា អាចស្វែងរកទីតាំង ភោជន័យដ្ឋាន ឬ កន្លែងជួបជុំ បានកាន់តែប្រសើរ តាម Street View

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពដ៏ប្រណីតៗជាច្រើននៅតាម ទីប្រជុំជន ដងវិថី និង តំបន់កម្សាន្តជាច្រើន ក្នុងរាជធានី ភ្នំពេញ សៀមរាប និងតាមបណ្តាខេត្តផ្សេងៗទៀត ត្រូវបានដាក់បញ្ចូលទៅក្នុង Street View របស់ក្រុមហ៊ុន  Google ហើយកាលពីថ្ងៃទី២១ ខែសីហា ម្សិលមិញនេះ។ ផ្ទាំងទស្សនីយភាពដ៏ភ្លឺច្បាស់លាយឡំជាមួយសម្រស់ ធម្មជាតិ ដ៏ទាក់ទាញ នឹងធ្វើឲ្យមនុស្សជាតិនៅលើពិភពលោក បានទស្សនា និងធ្វើដំណើរជាមួយរូបភាព ៣៦០ដឺ ក្រេ ដែលមិនធ្លាប់មានពីមុនមកនោះទេ។

បើតាមការប្រកាសរបស់ក្រុមហ៊ុន Google បានឲ្យដឹងថា តាមរយៈរូបភាព Street View ថ្មី របស់ប្រទេសកម្ពុជា  នៅលើ Google ផែនទី និង លើ Google ទិដ្ឋភាព (Google Views) នឹងជួយឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេស កម្ពុជា និង ប្រជាជនជុំវិញពិភពលោក ទស្សនា និងធ្វើដំណើរជាមួយនឹងរូបភាព ៣៦០ដឺក្រេ តាមដងវិថីនានាក្នុង រាជធានីភ្នំពេញ សៀមរាប និង នៅតាមបណ្តាខេត្ត ជាង ១០ដទៃទៀតរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី  មណ្ឌលគិរី កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កែប កំពត ព្រះវិហារ និង ឧត្តរមានជ័យ។

ជាមួយនឹងសមិទ្ធិផលថ្មី ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Google នឹងជួយមនុស្សជាតិ លើពិភពលោក អាចស្វែងយល់ និង ស្វែងរកនូវតំបន់ទាក់ទាញប្រកបដោយសម្រស់ឆើតឆាយជាច្រើននៅកម្ពុជា។ ការដាក់បញ្ចូល  ផ្ទាំងទស្សនីយភាពទៅលើ Street View ក៏ជាផ្នែកមួយ នៃការជួយជំរុញផ្សព្វផ្សាយប្រទេសកម្ពុជាទៅកាន់ពិភព លោក និង ជួយទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនចូលមកកម្ពុជា។

Google បានឲ្យដឹងថា តំបន់ដែលមាន Street View រូបភាពតាមដងវិថី អាចរកមើលបាន ដោយការទាញសញ្ញា សំគាល់ «Pegman» រូបមនុស្សពណ៌ទឹកក្រូច នៅផ្នែកខាងស្តាំដៃ នៃផែនទី ទៅដាក់លើផ្លូវ ដែលរំលេចចេញនូវ ពណ៌ខៀវ។ នៅលើ Google ផែនទីកំណែថ្មី ជួយឲ្យស្វែងរកគោលដៅផ្សេងៗក្នុងស្រុក និង តំបន់មួយចំនួន ដែល មាននៅលើផែនទី ហើយជ្រើសមើលរូបភាព Street View ចេញពីសំណុំរូបតំណាង (imagery carousel) ស្ថិត នៅរបារខាងក្រោមនៃអេក្រង់។

តាមរយៈ Street View ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសកំពុងស្នាក់នៅ និងទេសចរណ៍នៅកម្ពុជា អាច  ប្រើប្រាស់ទស្សនីយភាពពីគ្រប់ជ្រុងពោល គឺ៣៦០ដឺក្រេ ដើម្បីរកមើលហាង ភោជនីយដ្ឋានណាមួយ មុនពេល ដែលគេទៅដល់ស្វែងរកទិសដៅបើកបររៀបចំកន្លែងជួបជុំ ឬ ដើម្បីទស្សនាស្វែងយល់បន្ថែមពីទីក្រុងរបស់ពួកគេឲ្យ បានច្រើនជាងមុន។ អាជីវកម្មនានានៅកម្ពុជា ក៏អាចទទួលបានប្រយោជន៍ពីបច្ចេកវិទ្យា Street View ដោយគ្រាន់ តែបង្កប់ផ្ទាល់នូវ Google ផែនទី ទៅក្នុងគេហទំព័ររបស់គេ។ ឧទាហរណ៍ដូចជា សណ្ឋាគារ អាចបង្ហាញភ្ញៀវថា អគាររបស់គេមានរូបរាងយ៉ាងណានៅតាមដងវិថី និង ដឹងពីបរិវេណជុំវិញនោះផងដែរ។ អ្នកដំណើរមកកាន់ប្រទេស កម្ពុជា ក៏អាចប្រើប្រាស់ Street View ដើម្បីរៀបគម្រោងសម្រាប់ថ្ងៃសំរាកលំហែកាយ ឬ ក៏រុករកស្វែងយល់ពី ប្រទេសនេះ ជាមុនលើបណ្តាញអ៉ីនធឺណិត មុនពេលដែលពួកគេមកដល់កម្ពុជាផងដែរ។

លោក Divon Lan អ្នកគ្រប់គ្រងផលិតផលនៅ Google បានមានប្រសាសន៍ថា «យើងទាំងអស់គ្នាសង្ឃឹមថា រូប ភាព Street View ដែលបានសម្ភោធនៅក្នុងប្រទេសកម្ពុជានាថ្ងៃនេះ នឹងផ្តល់នូវមធ្យោបាយថ្មីៗ ដល់ប្រជាជនជុំ វិញពិភពលោក ឲ្យស្គាល់ពីប្រទេសកម្ពុជា ហើយការនេះ នឹងជួយឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា កាន់តែល្បីសុះសាយ  និង ទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនឡើង»។

ការដាក់ឲ្យដំណើរការ Street View នេះ Google បានបញ្ជាក់ថា នឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបាននូវអត្ថប្រ  យោជន៍ជាច្រើនពីបច្ចេកវិទ្យា ដ៏ពិសេសនេះ ហើយ Google នឹងខិតខំយ៉ាងខ្លាំងក្លាក្នុងការការពារសុវត្ថិភាពព័ត៌  មានឯកជនក្នុង Street View នៃ Google ផែនទី។ Google បានបញ្ជាក់ថា ខ្លួន បានបង្កើតបច្ចេកវិទ្យា ដ៏ទំនើប  ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបិទបាំងរូបភាពមុខមនុស្ស និង ស្លាកលេខយានជំនិះ ដើម្បីកុំឲ្យកត់សម្គាល់អត្ត សញ្ញាណបាន៕

ឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប

ស្ពានបុរាណតាឱក ខេត្តសៀមរាប

វត្តភ្នំ រាជធានីភ្នំពេញ

ឧទ្យានមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ

ចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និង មហាវិថីហ្សាលដឺហ្គោល រាជធានីភ្នំេពញ

ឆ្នេរកោះកុងក្រៅ ខេត្តកោះកុង

ទឹកជ្រោះតាតៃ ខេត្តកោះកុង

ទឹកធ្លាក់សុភ័ក្រ្តមិត្ត ខេត្តព្រះវិហារ

វត្តសំពៅប្រាំ នៅលើភ្នំបូកគោ ខេត្តកំពត

បឹងយក្ខឡោម ខេត្តរតនគិរី

ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី

ប្រាសាទសណ្តាន់ សំបូរព្រៃគុហ៍ ខេត្តកំពង់ធំ

វត្តព្រះវិហារធំសសរ ១០០ ខេត្តក្រចេះ

ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

ប្រាសាទនគរវត្ត ខេត្តកំពង់ចាម

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh