CamNews

ទូរស័ព្ទ 

វីដេអូ Samsung Galaxy Note 7 ម៉ូដែលមានសុវត្ថិភាព ផ្ទុះឆេះនៅកូរ៉េខាងត្បូង

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ Samsung បានចាប់ផ្តើមផ្ញើត្រលប់មកវិញ នូវបណ្តា Galaxy Note 7 ម៉ូដែលថ្មី បន្ទាប់ពីបានបញ្ចប់នូវដំណើរការជួសជុលបញ្ហា ស្តីពីការឡើងកំដៅថ្មខ្លាំង រហូតធ្វើឲ្យទូរស័ព្ទ​ផ្ទុះឆេះ។


កូរ៉េខាងត្បូង គឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀត ដែលត្រូវបាន Samsung ផ្តល់អាទិភាពផ្លាស់ប្តូរ Galaxy Note 7 ម៉ូដែលមានសុវត្ថិភាព។ បណ្តាអតិថិជន នៅក្នុង​ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមទទួលបាន Samsung Galaxy Note 7 "សុវត្ថិភាព" ដំបូងគេ។​ ក្រុមហ៊ុនកូរ៉េខាងត្បូង បានប្រកាសថា បណ្តាបញ្ហាកំហុសនៃថ្ម ត្រូវបានដោះស្រាយ បន្ទាប់ពីធ្វើការ ផ្លាស់ប្តូរថ្មីរួចមក។

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ ម្ចាស់ស្មាតហ្វូន Galaxy Note 7 "ម៉ូដែលមានសុវត្ថិភាព" មួយរូប​បានបង្ហោះនូវវីដេអូ ថតពីទិដ្ឋភាពនៃការផ្ទុះឆេះយ៉ាងសាហាវ នៃស្មាតហ្វូនរបស់ខ្លួន។ រូបគាត់បានឲ្យ​ដឹងថា ​គាត់ទើបតែធ្វើការបើកទូរស័ព្ទ ហើយបានឆែកមើលសារ Kakaotalk ស្រាប់តែស្មាតហ្វូនក៏ផ្ទុះឆេះ​យ៉ាងសាហាវ រហូតដល់ខូចខាតទាំងស្រុងតែម្តង។

ម្ចាស់ទូរស័ព្ទខាងលើ ក៏បានបង្ហាញពីភស្តុតាង ដែលបញ្ជាក់ថា Galaxy Note 7 នេះ ត្រូវបានផ្លាស់ប្តូរថ្មី​​ជាមួយនឹងប្រអប់មានសញ្ញាសំគាល់ពិសេស និងលេខ IMEI របស់ស្មាតហ្វូនផងដែរ។ ព័ត៌មាននេះក៏​ត្រូវ​បានប៉ុស្តិ៍ទូរទស្សន៍ JTBCNews បានចុះផ្សាយ និងបានបង្ហោះឡើងនៅលើ Page ផ្លូវការរបស់ពួកគេ​ផងដែរ។ 

ចំណែកខាងអ្នកតំណាងក្រុមហ៊ុន Samsung វិញបានឲ្យដឹងថា ការផ្ទុះឆេះឧបករណ៍លើកនេះ គឺមកពី​កត្តាជះឥទ្ធិពលពីខាងក្រៅ។ មកដល់ពេលនេះ នៅតែមិនទាន់មានព័ត៌មានណាមួយផ្សេងទៀត ស្តីពី​បញ្ហា​ដែលបានកើតឡើងខាងលើនេះទៀតទេ។ រីឯខាងក្រុមហ៊ុន Samsung ក៏មិនមានព័ត៌មានអ្វីបន្ថែម​ទៀត ស្តីពីបញ្ហានេះដែរ៕

- DxOMark វាយតម្លៃកាមេរ៉ារបស់ Google Pixel ជាកាមេរ៉ាស្មាតហ្វូន ល្អជាងគេបំផុតលើពិភពលោក ពេលបច្ចុប្បន្ននេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview


Tags: Samsung Galaxy Note 7 Safe model Smartphone Hightech