CamNews

ព័ត៌មានបច្ចេកវិទ្យា 

មេ Xiaomi បញ្ជាក់ថា នឹងបន្ថែមការផលិតទ្វេដង សម្រាប់ខ្សែពាក់កដៃ ឆ្លាតវៃ Mi Band 2

តម្រូវការ Mi Band 2 កំពុងតែមានការកើនឡើង នៅក្នុងទីផ្សារប្រទេសចិន និងបណ្តាទីផ្សារអាស៊ី​មួយចំនួនទៀត ដែលធ្វើឲ្យស្ថានភាពខ្វះទំនិញផ្គត់ផ្គង់ កាន់តែមានបរិមាណច្រើនឡើង។ ជាក់ស្តែង ព័ត៌មាន​បរិមាណ ផលិតខ្សែពាក់កដៃឆ្លាតវៃ Mi Band 2 នឹងមានការកើនឡើងទ្វេដង ក្នុងខែខាង​មុខនេះ ប្រាកដជាព័ត៌មានដ៏រីករាយមួយ សម្រាប់អតិថិជនជាច្រើននាក់។ 


យោងតាមគេហទំព័រ Gizmochina បានឲ្យដឹងថា អ្នកតំណាង Huami ដែលជាក្រុមហ៊ុនផលិតខ្សែ ពាក់កដៃឆ្លាតវៃ Mi Band 2 សម្រាប់ Xiaomi បានធ្វើការបញ្ជាក់ជាផ្លូវការថា នឹងធ្វើការបង្កើនទ្វេដង​នូវបរិមាណ Mi Band 2 ក្នុងខែខាងមុខនេះ។ ជាក់ស្តែងអ្នកតំណាងរូបនេះ ក៏មិនច្បាស់ថា​កំរិតនៃការ​បង្កើននេះ អាចផ្គត់ផ្គង់គ្រប់តម្រូវការ ក្នុងពេលខាងមុខ ឬក៏អត់នោះទេ?

ខ្សែពាក់កដៃឆ្លាតវៃ Mi Band 2 ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញណែនាំ កាលពីដើមខែមិថុនា ដោយ​បង្កើតបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង មិនដែលធ្លាប់ឃើញពីមុនមក នៅក្នុងទីផ្សារប្រទេសចិន។ មុននេះ Mi Band 2 ក៏ធ្លាប់បានពន្យារពេល ក្នុងការដាក់លក់រួចមកហើយ ដោយសារតែមានបញ្ហា​បច្ចេកទេស។

ដោយសារតែការបង្ហាញណែនាំ រាងយឺតបន្តិច ហើយវាបានបំពេញបន្ថែមនូវបណ្តា Feature សំខាន់ៗ​ជាច្រើន និងជាពិសេសនោះ វាដាក់លក់ក្នុងតម្លៃ ដ៏សមរម្យ ទាំងនេះគឺជាបណ្តាមូលហេតុ​ចម្បងៗ​ដែលធ្វើឲ្យ Mi Band 2 ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់។


ដោយសារតែ មានតម្រូវការទិញប្រើច្រើន គួបផ្សំនឹងការខ្វះផលិតផលផ្គត់ផ្គង់ផងនោះ បានធ្វើឲ្យ Mi Band 2 ដែលដំបូងដាក់លក់តែតម្លៃជាង ២២ ដុល្លារ (តម្លៃក្នុងតំបន់) បានកើនតម្លៃលក់យ៉ាងរហ័ស​ដល់ទៅជាង ៣៤ដុល្លារ ហើយពេលខ្លះ វាកើនតម្លៃលក់ដល់ខ្ទង់ប្រហែល ៤៥ដុល្លារ ទៀតផង។

ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xiaomi លោក Lei Jun ក៏បានទទួលស្គាល់នៅលើ​បណ្តាញ​សង្គម Weibo ថា បរិមាណ Mi Band 2 ត្រូវបានធ្វើការបង្កើន ប៉ុន្តែវានៅតែមិនអាចផ្គត់ផ្គង់​ទាន់ពេល​វេលា ដល់តម្រូវការដ៏ច្រើនលើសលប់របស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់​ព័ត៌មាន​​ខាង​លើ ពីខាងដៃគូសហការផលិត Huami ផងដែរ៕

- អានអត្ថបទ៖ លេចចេញរូបភាព បង្ហាញពីរូបរាងរបស់ Galaxy Note7 យ៉ាងច្បាស់ ជាមួយពណ៌ថ្មី "ផ្ទៃមេឃ"​ កាន់តែទាក់ទាញ

 

ប្រែសម្រួល៖ មង្គល


Tags: Xiaomi Mi Band 2 Hightech