ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ Samsung Galaxy Note 7 ដែលបានប្តូរថ្មី ត្រូវបានសារព័ត៌មានល្បីៗ បន្តចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបញ្ហាដែល វានៅតែបន្តផ្ទុះឆេះ។
ដំបូងគឺ Note7 ដែលបានប្តូរថ្មីមួយគ្រឿង បានផ្ទុះឆេះ នៅក្នុងយន្តហោះរបស់ Southwest Airlines នៅពេលដែលការហោះហើរ ជិតនឹងចេញដំណើរទៅហើយនោះ។ ហើយថ្មីៗនេះ ក៏មានព័ត៌មានផ្សាយថា Note 7 ប្តូរថ្មីមួយគ្រឿងទៀត បានផ្ទុះឆេះនៅតៃវ៉ាន់។
កត្តានេះ បានធ្វើឲ្យអ្នកប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការព្រួយបារម្ភ ហើយបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តនៅអាមេរិច ក៏ភ័យបុកពោះពីរឿងនេះ មិនតិចដែរ។ ប្រព័ន្ធទូរស័ព្ទចល័តមួយចំនួននៅអាមេរិច បានអនុញ្ញាតឲ្យអតិថិជនខ្លួនប្តូរ Note 7 យកម៉ូដែលផ្សេង។ ក្នុងនោះ ប្រព័ន្ធទូរស័ព្ទចល័ត AT&T កំពុងតែពិចារណាលើផែនការ ឈប់ដាក់លក់ Note7 ជារៀងរហូតតែម្តង។
បន្ទាប់ស្ងប់ស្ងាត់មួយរយះពេលកន្លងមក Samsung បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ជុំវិញបញ្ហាថ្មីៗដែលទើបតែកើតឡើងកន្លងមកនេះ។
+ ករណីដែលបានកើតឡើងនៅ Southwest Airlines, Samsung បានឲ្យដឹងថា:
ដោយសារតែមិនទាន់ទទួលបាននូវឧបករណ៍ដែលបានជួបបញ្ហា ដូច្នេះពួកខ្ញុំនៅមិនទាន់អាចធ្វើការកំណត់បញ្ជាក់បញ្ហានេះ ថាមានពាក់ព័ន្ធនឹង Note 7 ប្តូរថ្មីឬក៏អត់នោះទេ។ ពួកខ្ញុំកំពុងតែធ្វើការសហការ ជាមួយនឹងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ និង Southwest Airlines ក្នុងគោលបំណងរកដំណោះស្រាយ និងកំណត់បញ្ជាក់ពីមូលហេតនៃការផ្ទុះពិតប្រាកដ។ នៅពេលដែលពួកខ្ញុំបានធ្វើការត្រួតពិនិត្យឧបករណ៍ នោះពួកខ្ញុំនឹងមានព័ត៌មានបន្ថែមច្រើនជាងនេះ ចែករំលែក។
+ បន្ទាប់នោះ សេចក្តីថ្លែងការណ៍ជារួមមួយ ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងជួបប្រទះ ក៏ត្រូវបាន Samsung ដាក់ចេញភ្លាមដែរ :
Samsung យល់នូវការព្រួយបារម្ភ ដែលបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត និងអ្នកប្រើប្រាស់ កំពុងតែមាន បន្ទាប់ពីមានការលេចចេញនូវរបាយការណ៍ចុះផ្សាយជាច្រើន ដែលបានធ្វើឲ្យមានការសង្ស័យ ពាក់ព័ន្ធទៅនឹងគុណភាពរបស់ Note7 ដែលបានប្តូរថ្មីរបស់ពួកខ្ញុំ។ ពួកខ្ញុំកំពុងតែបន្តធ្វើការងារនេះ យ៉ាងឆាប់រហ័ស និងព្យាយាបបំផុត ដើម្បីត្រួតពិនិត្យបណ្តាករណីដែលត្រូវបានរាយការណ៍មក ដើម្បីកំណត់បញ្ជាក់ និងចែករំលែកនូវមូលហេតុ កាន់តែឆាប់កាន់តែល្អ។
នៅក្នុងដំណាក់កាលនេះ ពួកខ្ញុំរក្សានូវទំនាក់ទំនងយ៉ាងជាប់លាប់ ជាមួយនឹងគណកម្មការសុវត្ថិភាពផលិតផលប្រើប្រាស់អាមេរិច (CPSC)។ បើសិនជាលេចចេញនូវបញ្ហា ពាក់ព័ន្ធនឹង Note7 ដែលបានប្តូរថ្មី ពួកខ្ញុំនឹងសហការជាមួយនឹង CPSC ដើម្បីស្វែងរកវិធានការ ដោះស្រាយស្ថានការណ៍។ ពួកខ្ញុំចង់បញ្ជាក់ថា ពួកខ្ញុំត្រួតពិនិត្យគ្រប់របាយការណ៍ទាំងអស់ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយពួកខ្ញុំឆ្លើយតបទៅលើការអត់ធ្មត់របស់ អ្នកទាំងអស់គ្នា ដោយការធ្វើការឧស្សាហ៍ព្យាយាមជាទីបំផុត"៕
- Galaxy Note 7 ថ្មីមួយគ្រឿងទៀតហើយ បានបន្តផ្ទុះឆេះ នៅតៃវ៉ាន់
- ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ចល័តទនៅអាមេរិច រំលឹកដល់ការឈប់លក់ Note 7 ទាំងស្រុង បន្ទាប់ពីស្មាតហ្វូននេះ នៅតែមានផ្ទុះឆេះ
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Genk