ផ្តោតទៅលើការឆ្លើយតបទៅនឹងភាពស្មោះស្ម័គ្ររបស់អ្នកប្រើប្រាស់ ជាមួយនឹងបណ្តាស៊េរីទូរស័ព្ទ របស់ Nokia ក្រុមហ៊ុនទូរស័ព្ទដៃហ្វាំងឡង់ នឹងធ្វើការបង្ហាញណែនាំកំពូលផលិតផលមួយគឺ Nokia 3310 PureView ដែលមានកាណុង Zeiss និងអំពូល Xenon flash ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 រួមជាមួយនឹងអេក្រង់ TouchScreen ទំហំ 3 inch តាមបច្ចេកវិទ្យា ClearDiamond។
Nokia 3310 នឹងមានពណ៌ជាច្រើនដូចជា ពណ៌លឿង ខៀវ បៃតង និងក្រហម។ ស្មាតហ្វូនប្រើប្រាស់ interface LiveTiles និង App Folders ដំឡើងរួចជាស្រេច MS Office, Xbox Games, Outlook, ឃ្លាំងផ្ទុកឯកសារ OneDrive 7 GB មិនគិតថ្លៃ និងហ្គេមល្បីៗមួយសម័យកាលមួយចំនួនដូចជា Snake II, Pairs II, Space Impact និង Bantumi។ ស្មាតហ្វូនបំពាក់នូវ Chip Dual Core, RAM 2 GB, មេម៉ូរីក្នុង 32 GB និងទម្ងន់ 133 g។
"ពួកយើង ពិតជាមានចិត្តសប្បាយរីករាយណាស់ ពេលដែលបានរកឃើញវិធីនាំយកនូវបណ្តាបច្ចេក វិទ្យាល្អៗ កំពុងពេញនិយម បំពាក់ក្នុងទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទមួយចំនួនទៀត ដែលទទួល បានជោគជ័យខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Nokia។ ជាមួយនឹងការរចនាម៉ូត ដ៏រឹងមាំ និងមានរូប រាងបែបបុរាណដូចនេះ មនុស្សជាច្រើននាក់ នឹងស្រឡាញ់ចូលចិត្តទូរស័ព្ទនេះ"។ Juha Alakarhu ប្រធាន នាយកដ្ឋានរូបភាព Imaging Technologies របស់ Nokia, បាននិយាយបញ្ជាក់ឲ្យដឹង។
អានមកដល់ត្រឹមនេះ ប្រហែលជាមានប្រិយមិត្តមួយចំនួន អាចនឹងជឿថា Nokia ពិតជាកំពុងអភិវឌ្ឍ នូវម៉ូដែលទូរស័ព្ទដូច្នេះមែនហើយ។ តាមពិតទៅ នេះគ្រាន់តែជាល្បែងលេង ភូតកុហក់របស់ក្រុមហ៊ុន Nokia ក៏ដូចជាបណ្តាក្រុមហ៊ុន មួយចំនួនជាច្រើនទៀត នៅលើពិភពលោក លេងសើចភូតកុហក់ នៅក្នុង "ថ្ងៃនៃការភូតកុហក់ ០១ មេសា" តែប៉ុណ្ណោះ ពោលវាមិនមែនជាការពិតនោះទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress