iPhone 8 ត្រូវបានគេឲ្យដឹងថា ជាម៉ូដែលកំណែទម្រង់ដ៏ធំ និងខ្លាំងបំផុតមួយ ដែលតាមការរំពឹងទុកវានឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ដើម្បីអបអរសាទរបុណ្យខួបអនុស្សាវរីយ៍រយះពេល ១០ ឆ្នាំនៃការ បង្កើត iPhone។
Concept iPhone 8 ដែលមានផ្ទៃអេក្រង់ធំទូលាយ គ្មានគែម
តាមប្រភពពី Business Insider បានឲ្យដឹងថា Apple បានចាប់ផ្តើមធ្វើការពិសោធន៍ Hardware របស់ iPhone 8 ហើយនៅការិយាល័យមួយរបស់ក្រុមហ៊ុន នៅប្រទេសអ៊ីស្រាអែល។ នេះគឺជាព័ត៌មានមួយដែលត្រូវបានបញ្ជាក់ប្រាប់ ពីបុគ្គលិកម្នាក់ដែលបានធ្វើការនៅទីនោះ។
ការិយាល័យរបស់ Apple នៅប្រទេសអ៊ីស្រាអែល
បច្ចុប្បន្ន ព័ត៌មានស្តីពី iPhone 8 នៅមានចំនួនតិចតួចនៅឡើយ ទន្ទឹមនឹងនោះមានប្រភពព័ត៌មាន មួយចំនួនបានឲ្យដឹងថា iPhone 8 នឹងត្រូវបាន Apple បង្ហាញណែនាំខ្លួននៅឆ្នាំក្រោយនេះតែម្តង ដែលវានឹងត្រូវបានក្រុមហ៊ុនធ្វើការកែប្រែជាច្រើន ទៅលើការរចនាម៉ូតរូបរាង ជាមួយនឹងផ្ទៃអេក្រង់ ធំទូលាយ ស្ទើរតែគ្មានគែម។
ប្រភពបានឲ្យដឹងថា នៅពេលដែលអ្នកសារព័ត៌មាន Business Insider សួរនាំពី iPhone 8 បុគ្គលិក ម្នាក់ ដែលជាអ្នកផ្សារឧបករណ៍គ្រឿងផ្សំដល់ Apple បាននិយាយឲ្យដឹងថា ឧបករណ៍ថ្មីនេះ នឹងខុស ប្លែកយ៉ាងច្រើន បើធៀបនឹង iPhone 6 ឬ iPhone 7។ បុគ្គលិកស្ទើរតែទាំងអស់ ដែលត្រូវបាន សម្ភាសន៍ ក៏បាននិយាយថា ពួកគេកំពុងតែធ្វើការជាមួយនឹងផលិតផលថ្មីមួយរបស់ Apple ហើយ ជាក់ស្តែងនោះវាគឺជា iPhone 8។
គួរបញ្ជាក់ផងដែរ បណ្តាបុគ្គលិកនៅទីនោះ បានរំលឹកហៅឈ្មោះ “iPhone 8” ដោយខ្លួនពួកគេ នៅ រាល់ពេលអ្នកសារព័ត៌មានបានសម្ភាសន៍។ បើសិនជា វាដំណើរការត្រូវទៅតាមទម្លាប់ នៃដំណើរការអាប់ឌេតរបស់ Apple ជំនាន់ iPhone ដែលត្រូវបង្ហាញខ្លួន នៅឆ្នាំ ២០១៧ គឺនឹងជា iPhone 7s ហើយ ត្រូវចាំដល់ឆ្នាំ ២០១៨ ទើបដល់ពេល iPhone 8 បង្ហាញខ្លួន។ ជាក់ស្តែង អ្នកវិភាគមួយចំនួន បានគូស បញ្ជាក់ឲ្យដឹងថា iPhone 7 គ្រាន់តែជាម៉ូដែលអាប់ឌេតតិចតួច បើប្រៀបជាមួយនឹង iPhone 6s ប៉ុន្តែ iPhone 7s ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ត្រូវបានគេប៉ាន់ប្រមាណថា វាជាម៉ូដែល ដែលនឹង មានការធ្វើឲ្យប្រសើរឡើងជាងមុនយ៉ាងច្រើន គួរឲ្យកត់សំគាល់ពី Apple។ តាមរយះនេះ មនុស្ស ជាច្រើនបានជឿជាក់ថា Apple អាចនឹងបោះបង់ទម្លាប់ចាស់ ដោយរំលងម៉ូដែល iPhone 7s ហើយ បញ្ចេញ iPhone 8 នៅក្នុងឆ្នាំ ២០១៧ តែម្តង។
អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Apple បានបដិសេធក្នុងការបញ្ចេញប្រតិកម្ម ទៅលើព័ត៌មានខាង លើនេះ៕
- មិនធម្មតាមែន! អ្នកប្រើប្រាស់ ៩០% នៅតែស្មោះស្ម័គ្រជាមួយនឹង Note 7 ជំនួសឲ្យការប្តូរយក លុយវិញ ឬប្តូរយកម៉ាកផ្សេង
ប្រែសម្រួល៖ មង្គល
ប្រភព៖ Business Insider, vreview