តាមប្រភពព័ត៌មានពីគេហទំព័រ Sammobile បានឲ្យដឹងថា លោក Mario Serrafeno ដែលជាសមាជិកម្នាក់មកពី Forum XDA Developers រស់នៅសហរដ្ឋអាមេរិច បានឲ្យដឹងថា គាត់ទទួលបានប្រអប់ "Note 7 Return Kit" មួយ ពីខាងក្រុមហ៊ុន Samsung។
នៅក្នុងប្រអប់ យើងអាចមើលឃើញមានប្រអប់តូចៗបន្តបន្ទាប់ចំនួន៤ ដាច់ពីគ្នា ប្រើដើម្បីដាក់ Note 7 ប្រគល់យកទៅត្រួតពិនិត្យ ហើយបណ្តាប្រអប់ទាំងនោះ សុទ្ធតែមានលទ្ធភាពអ៊ីសូឡង់។ ក្រៅពីនេះ នៅក្នុងប្រអប់នោះ ថែមទាំងមានស្រោមដៃសុវត្ថិភាពមួយគូផងដែរ។ Samsung បានស្រាយបញ្ជាក់ពីការដែលមានស្រោមដៃនេះ ដោយសារមានករណីមួយចំនួន អ្នកប្រើប្រាស់អាចនឹងមានប្រតិកម្ម ជាមួយនឹងស្រទាប់ក្រដាសសេរ៉ាមិចអ៊ីសូឡង់ នៅខាងក្នុងប្រអប់នេះ។
Samsung ក៏បានផ្ញើទៅអ្នកប្រើប្រាស់ នូវលិខិតសុំទោសមួយច្បាប់ នៅក្នុងប្រអប់ផងដែរ។ "សុវត្ថិភាព តែងតែជាអាទិភាពចម្បងគេសម្រាប់ពួកខ្ញុំ។ ពួកខ្ញុំដឹងថា ខ្លួនមិនបានបំពេញនូវបណ្តាបទដ្ឋានដែល អ្នកបានរំពឹងទុកនៅលើ Galaxy Note 7។ ដូច្នេះ ពួកខ្ញុំសូមការអភ័យទោសដោយស្មោះ", Samsung បានសរសេរដូច្នេះ។
ទន្ទឹមនឹងនោះ តាមរយះរូបភាពគំនូរមួយសន្លឹក ដែលបានភ្ជាប់មកជាមួយដែរនោះ Samsung ក៏បានប្រាប់អ្នកប្រើប្រាស់ ចូរប្រគល់ត្រឡប់ Galaxy Note 7 តាមរយះការដឹកជញ្ជូនតាមផ្លូវគោក ដោយសារតែស្មាតហ្វូននេះ មិនត្រូវបានទទួលដឹកជញ្ជូនតាមយន្តហោះនោះទេ ដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន។
បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា អ្នកប្រើប្រាស់ទាំងអស់ដែលបានទិញ Galaxy Note 7 តាមរយះបណ្តាក្រុមហ៊ុនលក់រាយ បានទទួលប្រអប់ "Note 7 Return Kit" ដូចគ្នាដូច្នេះ ឬក៏អត់នោះទេ?
- លេចចេញលិខិតអញ្ជើញ បង្ហើបឲ្យដឹងពីថ្ងៃបង្ហាញខ្លួន Galaxy S8
- Samsung វៀតណាម ប្រកាសប្រមូល Note 7 និងប្រគល់ប្រាក់ជូនវិញ ព្រមទាំងថែមជូន 67$ សម្រាប់ទិញផលិតផល Samsung ដទៃផ្សេងទៀត
ប្រែសម្រួល៖ មង្គល
ប្រភព៖ SamMobile, vreview