រូបភាពផ្ទៃក្នុងមួយពី Foxconn ដែលត្រូវបានគេចាត់ទុកថាជា iPhone 6 របស់ Apple ទើបតែបានចចាម អារាម ហើយបានក្លាយជារូបភាពជាក់ស្តែងដំបូងគេ របស់គំរូស្មាតហ្វូន ដែលកំពុងត្រូវបានមនុស្សជា ច្រើនទន្ទឹងរង់ចាំ។
iPhone ថ្មីត្រូវបានគេដឹងថា វានឹងមានកម្រាស់ស្តើងជាងមុន បើប្រៀបជាមួយនឹង iPhone 5s ដូច្នេះ ផ្នែកកាមេរ៉ា អាចនឹងលយចេញក្រៅបន្តិច។ បើសិនជាយើងពិនិត្យមើលឲ្យច្បាស់ ទៅលើរូបភាពដែល គេថតចេញពីអេក្រង់កុំព្យូទ័រ នូវគំរូរចនាម៉ូតនៃស្មាតហ្វូននេះ អ្នកអាចសង្កេតឃើញថា ផ្នែកកាមេរ៉ា របស់ស្មាតហ្វូន ពិតជាមានរាងលយចេញមកក្រៅបន្តិចមែន។ កាលពីដើមឆ្នាំ មានការប៉ាន់ស្មានថា Apple នឹងប្រើប្រាស់ស្ទីលរចនាម៉ូតពី iPad Air ដល់ iPhone ជំនាន់បន្ទាប់របស់ខ្លួន។ ទន្ទឹមនឹងនោះ ថែមទាំងមានមនុស្សមួយចំនួនបានហៅឈ្មោះថាជា iPhone Air ជាមួយនឹងកម្រាស់ក្រោម 6mm ពោលគឺស្តើងជាងច្រើន បើប្រៀបជាមួយ 7.6mm របស់ iPhone 5s។
ក្រៅពីនេះ បណ្តាជ្រុងនៃស្មាតហ្វូននេះ ក្នុងរូបភាព មានរាងមូលៗច្រើនជាងមុនបន្តិច បើប្រៀបជាមួយ iPhone5s និងមានអង់តែន បានបំពាក់នៅទីតាំងថ្មីមួយ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន។ នៅផ្នែក ខាងក្រោយ ជ្រុងខាងស្តាំផ្នែកខាងក្រោម ហាក់ដូចជាមាន Sensor អ្វីមួយ (អាចជា Sensor វាស់ចង្វាក់ បេះដូង) ។
មុននេះ តាមប្រភពពី GSMArena គំរូគំនូសព្រាងមួយចំនួននៃ iPhone 6 ដែលមានប្រភពពីគេហទំព័រ Mac Otakara របស់ជប៉ុន ក៏បានចចាមអារាមឲ្យឃើញថា ស្មាតហ្វូននឹងមានទំហំអេក្រង់ពីរផ្សេងគ្នា។ ម៉ូដែលដែលមានទំហំតូចជាង ត្រូវបានបំពាក់នូវអេក្រង់មួយមានទំហំ 4.7" និងមានខ្នាតប្រវែង 137 x 66 x 7 mm (iPhone 5s គឺ 123,8 x 58,6 x 7,6 mm)។ ម៉ូដែលដែលមានទំហំធំជាង មានអេក្រង់ទំហំ 5.7 inch ដែលត្រូវបានគេដឹងថានឹងមានខ្នាតប្រវែង 157 x 77 x 6,7 mm វែងជាង Samsung Galaxy Note 3 អេក្រង់ 5.7 inch ប៉ុន្តែរាងតូចជាងបន្តិច និងមានកម្រាស់ស្តើងជាងច្រើន។
បណ្តាវើហ្សិនគំនូសព្រាងនៃគំរូ iPhone ស៊េរីបន្ទាប់ ទាំងពីរម៉ូដែល ក៏បានបង្ហាញឲ្យឃើញនូវផ្នែក គែមៗនៃស្មាតហ្វូន មានរាងមូលៗ កម្រាស់ស្តើង និងមានប៊ូតុងបន្ថយដំឡើង តែមួយប៊ូតុង Jack ដោតកាស 3.5 mm ស្ថិតនៅផ្នែកខាងឆ្វេង។
ផ្អែកតាមបណ្តាគំរូគំនូសព្រាងនេះ អ្នករចនាម៉ូត Martin Hajek បានច្នៃបង្កើតបានជារូបភាព 3D មួយ ចំនួននៃ iPhone ជំនាន់បន្ទាប់របស់ Apple។ សូមទស្សនាទាំងអស់គ្នា ដូចខាងក្រោមនេះ៖
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview