នៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNBC, លោក Walter Isaacson អ្នកនិពន្ធជីវប្រវត្តិរបស់លោក Steve Jobs បានឲ្យដឹងថា សមត្ថភាពនៃភាពច្នៃប្រឌិតថ្មីរបស់ Apple សព្វថ្ងៃនេះ គឺអន់ទៅ យ៉ាងច្រើនបើប្រៀបជាមួយនឹង Google។ កិច្ចសន្យាចែកចាយ iPhone ដែល Apple ទើបតែ ធ្វើការចុះហត្ថលេខាជាមួយនឹង China Mobile ត្រូវបានលោក Isaacson វាយតំលៃថា វាគ្មាន អ្វីអាចប្រៀបធៀបជាមួយនឹង ករណីទិញយក Nest ដែលមានតំលៃ ៣,២ ពាន់លានដុល្លារ របស់ Google នោះឡើយ។
ក្នុងពេលដែល Apple នៅតែបង្កើតបាន នៅភាពចាប់អារម្មណ៍ពីបច្ចេកវិទ្យា ស្គែនក្រយៅដៃ Touch ID ដែលបានបំពាក់នៅក្នុង iPhone 5S ខាង Google ឯណោះវិញ បានចាប់អារម្មណ៍ដក ពិសោធនៅលើវិស័យជាច្រើន និងឧបករណ៍ផ្សេងៗទៀតដូចជា រថយន្តអាចបើកបរ ដោយខ្លួន ឯងបាន, វ៉ែនតាឆ្លាតវៃ Google Glass ហើយថ្មីៗនេះគឺ Nest ដែលជាក្រុមហ៊ុនជំនាញខាងផលិត ទំនិញប្រើប្រាស់ សម្រាស់គ្រួសារ។
Apple លែងជាប្រភពនៃការច្នៃប្រឌិត របស់ពិភពបច្ចេកវិទ្យា ដូចកាលនៅក្រោម ការគ្រប់គ្រងរបស់ Steve Jobs ទៀតហើយ
ការដែលទិញយក Nest គឺបានបង្ហាញពីចក្ខុវិស័យ និងយុទ្ធសាស្រ្ត ដ៏ត្រឹមត្រូវរបស់ Google។ ឆ្លើយតបជាមួយនឹង CNBC លោក Isaacson និយាយឲ្យដឹងថា: "យុទ្ធសាស្រ្ត ដែលគួរឲ្យភ្ញាក់ ផ្អើលរបស់ Google គឺអាចធ្វើការភ្ជាប់ បណ្តាឧបករណ៍ Mobile ទាំងអស់របស់ពួកយើង ជាមួយ នឹងការរស់នៅប្រចាំថ្ងៃរបស់ពួកយើង..."។
Isaacson បានឲ្យដឹងបន្ថែមថា លោក Tim Cook បានធ្វើការសន្យាជាច្រើន ស្តីពីផលិតថ្មីៗរបស់ Apple ដែលនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ២០១៤ នេះ។ ក្នុងនោះបើសិនជាលោក Steve Jobs វិញ គ្រប់រឿងទាំងអស់ មិនបានបញ្ឈប់នៅត្រឹមតែពាក្យសំដីនិយាយប៉ុណ្ណោះទេ, Jobs តែងតែចង់ បង្កើតចេញនូវបណ្តាឧបករណ៍ថ្មីៗ ដែលទទួលបានការចាប់អារម្មណ៍ ជាវិជ្ជមាន យ៉ាងច្រើន សន្ធឹកសន្ធាប់ នៅលើទីផ្សារ។
ព័ត៌មានជាច្រើននៅពេលបច្ចុប្បន្ន បានឲ្យដឹងថា ផែនការបញ្ចេញនូវផលិតថ្មីៗរបស់ Apple នៅក្នុងឆ្នាំ ២០១៤ អាចរួមមាន iPhone ជំនាន់ថ្មីដែលមានអេក្រង់ធំជាងមុន, iPad ទំហំធំ, អេក្រង់ Thunderbolt 4K, ប្រព័ន្ធទូរទស្សន៍ឯកជន និងនាឡិកាឆ្លាតវៃ iWatch៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing