កាសែតអឺរ៉ុបជាច្រើន បានរាយការណ៍ថា បណ្ដាម៉ូដែលទូរស័ព្ទបុរាណ ដូចជា Nokia, Ericsson,
Motorola ជាដើម កំពុងបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅអឺរ៉ុប ដោយសារតម្លៃរបស់វា ឡើង
ដល់ ១០០០អឺរ៉ូ (ជាង ១៤០០ដុល្លារអាមេរិក) ក្នុង ១គ្រឿង។
រូបរាងតូចច្រលឹង ថាមពលថ្ម អាចប្រើ ១សប្ដាហ៍ រួមនឹងភាពមាំមួន ដែលគេពិបាកនឹងកំទេច
បានជួយឱ្យបណ្ដាទូរស័ព្ទចាស់ៗ ដូចជា Nokia, Ericsson, Motorola កំពុងក្លាយជាទំនិញក្ដៅៗ សម្រាប់អ្នកប្រើប្រាស់ដែលមានអារម្មណ៍ធុញទ្រាន់នឹងបណ្ដាម៉ូដែលស្មាតហ្វូន ដែលមានកម្ម
វិធីច្រើនហួស ស្ដើងហួស និងងាយខូច។
ថ្វីបើពុំមានកម្មវិធីទាន់សម័យ ក៏ដូចជារូបរាងស្រស់ស្អាត Nokia 3310 ឬ Motorola StarTec
130 មានត្រឹមតែមុខងារហៅទូរស័ព្ទ និងផ្ញើសារ តាមធម្មតា ប៉ុន្ដែ តម្រូវការនៃការប្រើប្រាស់
ទូរស័ព្ទបុរាណនេះ កំពុងតែមានការកើនឡើង ហើយមានទូរស័ព្ទខ្លះ ត្រូវបានលក់ក្នុងតម្លៃខ្ពស់
ឡើងដល់ ១០០០អឺរ៉ូ នេះបើតាមរបាយការណ៍របស់កាសែតជាច្រើន នៅអឺរ៉ុប។
Djassen Haddad ម្ចាស់គេហទំព័រ vintagemobile.fr បានឱ្យដឹងថា ៖ “អតិថិជនមួយចំនួន មិន
ខ្វល់អំពីបញ្ហាតម្លៃប៉ុន្មាន។ ជាក់ស្ដែង ក្រុមហ៊ុនយើងខ្ញុំ មានម៉ូដែលទូរស័ព្ទចាស់ៗ ដែលមាន
តម្លៃជាង ១០០០ អឺរ៉ូ។ តម្លៃថ្លៃបែបនេះ គឺដោយសារថា មុននេះ បណ្ដាម៉ូដែលទូរស័ព្ទទាំងនោះ
ត្រូវបានគេផលិតក្នុងបរិមាណតិច ដូច្នេះ ពេលនេះ គេពិបាកនឹងស្វែងរក”។
ការជួញដូរបណ្ដាទូរស័ព្ទជំនាន់មុន ហាក់ដូចជាទីផ្សារតូចចង្អៀត ប៉ុន្ដែ ចាប់ពីឆ្នាំទៅមកដល់
ពេលនេះ ការលក់ដូររបស់ Haddad គឺពិតជាទទួលបានជោគជ័យស្ទើរនឹកស្មានមិនដល់។
គ្រាន់តែរយៈពេល ពី ២ ទៅ ៣ឆ្នាំកន្លង Haddad បានលក់ចេញនូវទូរស័ព្ទ “បុរាណ” ចំនួនជាង
១០០០គ្រឿង ហើយតម្លៃរបស់វា បានកើនឡើងជាបន្ដបន្ទាប់ ចាប់ពីឆ្នាំ ២០១៣។
លោក Haddad ថ្លែងថា ក្រុមអតិថិជនដែលមកស្វែងរកទិញទូរស័ព្ទជំនាន់ចាស់ ភាគច្រើន គឺជា
ក្រុមមនុស្សមានវ័យច្រើន ព្រោះពួកគេចូលចិត្តភាពសាមញ្ញ ចំណែកមនុស្សមួយចំនួនទៀត ចង់
ប្រើប្រាស់ទូរស័ព្ទមួយបន្ថែមទៀត ដែលមានតម្លៃមិនថ្លៃ។
ក្នុងចំណោមទូរស័ព្ទបុរាណដែលលក់ដាច់ជាងគេ នៅលើគេហទំព័ររបស់ Haddad មានដូចជា
Nokia 8210 ហើយតម្លៃរបស់វា គឺប្រហែល ៨៣ដុល្លារ។
គួររំលឹកថា Nokia ធ្លាប់ជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតក្នុងពិភពលោក មុននឹង iPhone របស់
Apple និង Galaxy របស់ Samsung បង្កព្យុះភ្លៀង នៅលើទីផ្សារ។ ប៉ុន្ដែ ថ្មីៗនេះ ស្ថាប័នផលិត
ទូរស័ព្ទរបស់ Nokia ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft ព្រោះតែមិនអាចតាមទាន់នូវល្បឿន
អភិវឌ្ឍនៃស្មាតហ្វូន។ ប្រការនេះហើយ បណ្ដាលឱ្យទូរស័ព្ទជំនាន់ “បុរាណ” របស់ Nokia មាន
ឱ្យបង្ហាញខ្លួន ក្នុងតម្លៃថ្លៃ គួរឱ្យភ្ញាក់ផ្អើលបែបនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AFP/News.com.au