កាលពីពេលថ្មីៗនេះ HP បានបញ្ចេញនូវសកម្មភាព គួរឲ្យភ្ញាក់ផ្អើលមួយ ពេលដែលក្រុមហ៊ុន បានសម្រេចចិត្ត វិលត្រឡប់មកកាន់ទីផ្សារ Smartphone/Tablet ជាមួយនឹងផលិតផលពីរម៉ូដែល រួមមាន Slate 6 VoiceTab និង Slate 7 VoiceTab ដែល Tablet ទំហំតូចទាំងពីរនេះ បានបំពាក់នូវ Network 3G និងមានសត្ថភាពធ្វើការសន្ទនាទូរស័ព្ទ បានដូចទូរស័ព្ទធម្មតា។
បើតាមរូបភាពដែល HP បានបង្ហាញឲ្យឃើញ ដូចខាងលើនេះ យើងឃើញថា ផ្នែកសំបកក្រោយ នៃ Slate 6 និង Slate 7 VoiceTab មានលក្ខណៈចម្លែក ស្អាតប្លែកភ្នែក។ បើតាមអនុប្រធានរបស់ HP គឺលោក Ron Coughlin ផ្ទៃខាងក្រោយនៃ Tablet ទាំងពីរនេះ ត្រូវបាន HP យកលំនាំតាម "pixelated" ជាសារធាតុមានគុណភាពខ្ពស់ និងមានលទ្ធភាពការពារភាព ឆ្កូតសឹក បានយ៉ាងល្អ។
និយាយពីលក្ខណៈសម្បត្តិនៃ ឧបករណ៍ទាំងពីរនេះ លោក Coughlin បានឲ្យដឹងថា Tablet ទាំង ពីរសុទ្ធតែបានបំពាក់នូវ CPU Quad Core ប្រើ Android 4.2, camera ក្រោយ 5MP, camera មុខ 2MP, ប្រើបានស៊ីម ២, មាន Speaker សម្រាប់ធ្វើការសន្ទនាទូរស័ព្ទ, មេម៉ូរីក្នុង 16GB និងអាច បន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD។ ទាំងអស់នេះ គឺសុទ្ធតែជាចំនុចដូចគ្នា នៃ Tablet ទាំងពីរខាងលើនេះ។ ចំណែកលក្ខណៈខុសគ្នា នៃឧបករណ៍នីមួយៗវិញគឺ Slate 6 VoiceTab បំពាក់នូវអេក្រង់ទំហំ 6-inch, កំរិតរីសូលុយហ្សិន 1280 x 720 ក្នុងពេលដែលម៉ូដែល Slate 7 VoiceTab នឹងមានអេក្រង់ 7-inch, កំរិតរីសូលុយហ្សិន 1280 x 800។
ប្រភពបានឲ្យដឹងបន្ថែមថា HP នឹងធ្វើការបង្ហាញណែនាំ Slate 6 VoiceTab និង Slate 7 VoiceTab ជាផ្លូវការ នៅប្រទេស ឥណ្ឌា នៅក្នុងខែកុម្ភះ ខាងមុខនេះ។ នៅមិនទាន់មានព័ត៌មាន ស្តីពីតំលៃ លក់នៃ Tablet ទាំងពីរ ក៏ដូចជា ពេលវេលា ដាក់លក់នៅលើទីផ្សារ ប្រទេសផ្សេងៗទៀត ពេល ណា នៅឡើយនោះទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte