CamNews

ទូរស័ព្ទ 

Google សុខចិត្តខាត ពេលដាក់លក់ Nexus 4

តាមការវិភាគពីបណ្តាគេហទំព័របច្ចេកវិទ្យា Google អាចនឹងត្រូវបំពេញលុយបន្ថែម
ប្រហែល
100 USD សំរាប់ស្មាតហ្វូន Nexus 4 មួយគ្រឿងៗពេលដាក់លក់។

រូបសណ្ឋានមិនមែនជាកត្តាដែលគួរចាប់អារម្មណ៍ខ្លាំងនោះឡើយនៅលើ Nexus 4 កំរិតនៃ
តំលៃលក់ទើបជាកត្តាដែលធ្វើឲ្យមនុស្សជាច្រើននាក់មានការចាប់អារម្មណ៍ខ្លាំង។ ពេលដែល
Google បង្ហាញខ្លួន Nexus 4 នៅអាមេរិច ផលិតផលនេះត្រូវបានលក់តែក្នុងតំលៃ 299 USD
សំរាប់ Version 8 GB និង 349 USD សំរាប់ Version 16 GB គឺថោកជាងដល់ទៅពាក់កណ្តាល
បើប្រៀបជាមួយគំរូស្មាតហ្វូន Android Quad Core ដទៃផ្សេងទៀតដែលដាក់លក់លើទីផ្សារ។

Nexus 4 ជាស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 ដំបូងគេ

តាម Phone Arena, Google អាចកំពុងត្រូវត្រៀមលុយយ៉ាងច្រើនសំរាប់ផ្គត់ផ្គង់ លើស្មាតហ្វូន
Nexus 4 ពេលដាក់លក់នៅលើទីផ្សារ។ LG ដែលជាក្រុមហ៊ុនផលិតដោយផ្ទាល់នូវ model
Nexus 4 ទើបបង្ហើបឲ្យដឹងថា តំលៃលក់របស់ផលិតផលនេះនៅអឺរ៉ុបឡើងដល់ជាង 750 USD
គឺខ្ពស់ជាងទ្វេដងទៅនឹងតំលៃលក់ដែល Google បានដាក់ចេញ។

តាមការប្រៀបធៀបមួយផ្សេងទៀតក៏បានបង្ហាញថា Google អាចត្រូវត្រៀមលុយជាច្រើនសំរាប់
ផ្គត់ផ្គង់ដល់ការលក់ Nexus 4 ព្រោះ T-Mobile បានឲ្យដឹងថាតំលៃលក់របស់ Nexus 4 Version
8 GB របស់ Network នេះគឺ 199 USD ប៉ុន្តែអ្នកប្រើប្រាស់ត្រូវថែមលុយយ៉ាងតិច 15 USD ក្នុង
មួយខែក្នុងរយះពេល 2ឆ្នាំនៃការប្រើប្រាស់។ ដូច្នេះបើសិនយើងគិតសរុបក្រោយពីរយះពេល2ឆ្នាំ
នេះ នោះតំលៃលក់របស់ Google Nexus 4 ក៏នឹងឡើងដល់ 500 USD ខ្ពស់ជាង 200 USD តំលៃ
ដែល Google ដាក់លក់នៅលើ Play Store។

Google Nexus 4  គឺជាស្មាតហ្វូន Andrroid ជំនាន់ទី 4 ដែល Google ទើបធ្វើការបង្ហាញខ្លួន។ វាប្រើ
ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean។ ក្រៅពីតំលៃលក់សមរម្យ Nexus 4 នៅធ្វើឲ្យមានការ
ចាប់អារម្មណ៍ជាច្រើនទៀតដោយមានរូបសណ្ឋានខ្ពស់ ជាមួយ chip Quad Core Snapdragon S4
Pro ពី Qualcomm, RAM 2 GB និងមានអេក្រង់បច្ចេកវិទ្យា HD ទំហំ 4,7 inch។ Nexus 4 នឹងត្រូវបាន
Google ដាក់លក់ជាផ្លូវការនៅថ្ងៃទី 13/11/2012 ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: google surffered losses selling nexus 4 smartphone hightech