បើយោងតាមការស្រាវជ្រាវរបស់ UBS បានឲ្យឃើញថា នាឡិកាឆ្លាតវៃរបស់ Apple នឹងមានបរិមាណ លក់ចេញដ៏អស្ចារ្យមួយ ស្រដៀងនឹង iPad ដែរ។ ជាមួយនឹងតំលៃជាមធ្យម ដែលត្រូវបានរំពឹងទុកថា មានតំលៃ ៣០០ ដុល្លារ iWatch អាចនឹងលក់បានចំនួន ២១លានគ្រឿង នៅក្នុងឆ្នាំដំបូង ហើយតួរលេខ នៃការលក់ នឹងកើនឡើងដល់ចំនួន ៣៦លានគ្រឿង ក្នុងឆ្នាំបន្ទាប់។
រូបភាព Concept មួយរបស់ Apple iWatch
“បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញណែនាំ Software តាមដានសុខភាព HealthKit នៅ WWDC ការទិញយក LuxVue Technology (ក្រុមហ៊ុនផលិតអេក្រង់ LED ជំនាន់ថ្មី) និងបណ្តាការបង្ហើបរបស់អនុប្រធាន Apple លោក Eddy Cue, ពួកយើងជឿថា Apple នឹងបង្ហាញណែនាំ iWatch មុនរដូវឈប់សម្រាកឆ្នាំ នេះ”, អ្នកវិភាគ Milunovich បានឲ្យដឹង។ គាត់បានសង្ឃឹមថា ផលចំណេញរបស់ Apple នឹងកើនបាន ៦,៥លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុ ២០១៥ និងនឹងឡើងដល់ ១១លានដុល្លារ ក្នុងឆ្នាំបន្ទាប់។
នៅក្នុងសន្និសិទ Code Conference ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២៨ ខែឧសភា អនុប្រធានជាន់ ខ្ពស់របស់ Apple លោក Eddy Cue បានឲ្យដឹងថា ផលិតផលល្អបំផុតរបស់ Apple ក្នុងរយះពេល ២៥ ឆ្នាំកន្លងមកនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។ អ្នកវិភាគជាច្រើននាក់ បានយល់ឃើញថា នោះ គឺជាពេលវេលាដែល Apple បង្ហាញណែនាំ នាឡិកាឆ្លាតវៃដំបូងបំផុត របស់ខ្លួន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress