CamNews

ទូរស័ព្ទ 

LG ឆ្លៀតបង្ហាញណែនាំស្មាតហ្វូនស៊េរីថ្មី ត្រកូល "X Series" ពីរម៉ូដែល មុនថ្ងៃនៃការបង្ហាញ LG G5

បើតាមប្រភពព័ត៌មានពី Droid Life បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ LG បានធ្វើការប្រកាសបង្ហាញ ស្មាតហ្វូនស៊េរីថ្មីត្រកូល "X Series" ជាមួយនឹងតម្លៃសមរម្យ និងបំពាក់មកជាមួយនូវបណ្តា Feature ពិសេសៗមួយចំនួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ ស្មាតហ្វូនដំបូងនៃត្រកូល X Series ដែលបានបង្ហាញខ្លួន កាលពីថ្ងៃម្សិលមិញនេះ មានឈ្មោះថា LG X Cam និង LG X Screen។


ដូចទៅនឹងឈ្មោះហៅ ស្មាតហ្វូន X Cam បានផ្តោតសំខាន់ទៅលើកាមេរ៉ា ដែលមិនមែនមានតែមួយ ប៉ុណ្ណោះទេ គឺវាមានកាមេរ៉ាក្រោយដល់ទៅពីរដែលមានទំហំ 13MP និង 5MP។ លក្ខណៈសម្បត្តិ ផ្សេងទៀតរបស់ X Cam រួមមាន កាមេរ៉ាមុខទំហំ 8MP, អេក្រង់ Full HD 5.2 inch, CPU 8 Core 1.14 GHz, RAM 2GB, ថាមពលថ្ម 2520 mAh និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មីបំផុត Android 6.0 Marshmallow។

ក្រៅតែពីមានកាមេរ៉ាក្រោយតែមួយទំហំ 13MP និងអេក្រង់មានទំហំ 4.93 inch បង្ហាញកំរិតភាព ច្បាស់ HD 720p លក្ខណៈសម្បត្តិដទៃផ្សេងទៀតរបស់ស្មាតហ្វូន X Screen គឺស្រដៀងទៅនឹង X Cam ដែរ ប៉ុន្តែក្រុមហ៊ុនបានបំពាក់បន្ថែមនៅលើអេក្រង់តូចមួយទៀតរបស់វា នូវបច្ចេកវិទ្យា "Always-on" ដែលបច្ចេកវិទ្យានេះទើបតែបង្ហាញខ្លួននៅលើ V10 ដែលជាស្មាតហ្វូនស៊េរីខ្ពស់របស់ LG ប៉ុណ្ណោះ។ ជាមួយនឹងទំហំអេក្រង់តូច 1.76 inch នេះ អ្នកប្រើប្រាស់អាចងាយស្រួលក្នុងការទទួល បាននូវព័ត៌មាន "Alert" ផ្សេងៗ ងាយស្រួលក្នុងការបញ្ជាការចាក់ស្តាប់តន្រ្តី ឬការហៅទូរស័ព្ទ ដោយ មិនមានប៉ះពាល់ទៅដល់ Application ដែលកំពុងប្រើប្រាស់នៅលើអេក្រង់ធំរបស់ស្មាតហ្វូននេះ នោះទេ។

សម្រាប់ថ្ងៃបញ្ចេញលក់នៅលើទីផ្សារ ក៏ដូចជាតម្លៃជាក់ស្តែងរបស់ស្មាតហ្វូនស៊េរីមធ្យមនៃត្រកូល  "X Series" ទាំងពីរម៉ូដែលនេះ នៅមិនទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែស្មាតហ្វូនថ្មីទាំងពីរ នេះ នឹងផ្តោតទៅលើទីផ្សារ បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាមេរិចឡាទីន៕

- អានអត្ថបទ៖ លេចចេញរូបភាព នៃរូបរាងរបស់ Galaxy S7 Edge កាន់តែច្បាស់ ស្របពេលថ្ងៃ បង្ហាញណែនាំខ្លួន កាន់តែខិតជិតមកដល់
- អានអត្ថបទ៖ Sony:កាមេរ៉ាភ្លោះរបស់យើងខ្ញុំ នឹងត្រូវបានក្រុមហ៊ុនស្មាតហ្វូនធំៗមួយចំនួន ប្រើប្រាស់, អាច iPhone 7 ដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Droid Life VR


Tags: LG X Series X Cam X Screen Smartphone Hightech