CamNews

ទូរស័ព្ទ 

លេចរូបភាព iPhone 6 កំពូលស្ដើង តាមរយៈពុម្ភសម្បក case

iPhone 6 ពិតជាស័ក្ដិសមនឹងមានឈ្មោះ iPhone Air ដោយសារថា វានឹងមានកម្រាស់ដ៏ស្ដើង
គឺត្រឹម ៦,១ម.ម។

រូប​ភាព​បង្ហាញ​អំពី​ពុម្ភ​ ដែល​នឹង​ត្រូវ​​ប្រើ​ដើម្បី​បង្កើត iPhone ​ថ្មី

រូបថតបែកធ្លាយ បង្ហាញអំពីពុម្ភ ពណ៌ខ្មៅមួយ ដែលត្រូវបានគេអះអាងថា ដើម្បីផលិតសម្បក
case របស់ iPhone 6 ទើបត្រូវបានបង្ហោះនៅលើវេទិការអនឡាញ Chinese Apple ។ តាមរយៈ
រូបថតនេះ គេជឿថា ជំនាន់បន្ទាប់របស់ iPhone នឹងត្រូវបាន Apple បំពាក់អេក្រង់ថាច់ស្គ្រីនទំហំ
៤,៧ inch ហើយជ្រុងនិមួយៗរបស់វា នឹងមានរាងមូល ស្រដៀងនឹង iPad Air និង iPad mini ។

ពុម្ភ​នេះ ក៏​បង្ហាញ​ថា iPhone ថ្មី នឹង​មាន​រូប​រាង​ស្ដើង​បំផុត

បើធៀបជាមួយ iPhone 5s (៧,៦ម.ម) នោះ iPhone 6 គឺពិតជាស័ក្ដិសមនឹងឈ្មោះ iPhone Air
ដោយមានកម្រាស់ត្រឹមតែ ៦,១ម.ម នេះបើតាមភាពជាក់ស្ដែងរបស់ពុម្ភនេះ។

រូប​ភាព​បែក​ធ្លាយ​ កាយ​ពី​ដើម​ខែ នៅ​លើ​បណ្ដា​សង្គម​ចិន បង្ហាញ​ថា Apple ពិត​ជា​កំពុង​អភិវឌ្ឍ
​ iPhone ដែល​មាន​អេក្រង់​ធំ

ដោយសារតែអេក្រង់ធំជាងកំណែមុន ដូច្នេះ ប៊ូតុងបិទបើកម៉ាស៊ីន របស់ iPhone 6 នឹងត្រូវបាន
យកមកដាក់នៅចំហៀងខាងស្ដាំ ដើម្បីងាយស្រួលប្រើ។ ចំណែកគ្រាប់ចុចបញ្ជាសម្លេង នឹងត្រូវ បានដាក់នៅចំហៀងខាងឆ្វេងរបស់ម៉ាស៊ីន។ ដុំពកមូលតូច នៅត្រង់ខាងឆ្វេងនៃផ្នែកខាងក្រោយ
របស់ទូរស័ព្ទ គឺជាទីតាំងរបស់កាមេរ៉ា ដែលតាមពាក្យចចាមអារ៉ាម វានឹងមានរីសូលូសឹន ១៣
megapixel មានមុខងារថតរូបបែប 3D និងអាច  zoom អុបទិច បានកម្រិត  3x ។

ចំណែក​រូប​ភាព​ដែល​បាន​លេច​ធ្លាយ កាល​ពី​ខែ​មិនានេះ​វិញ បង្ហាញ​ថា iPhone ថ្មី នឹង​មាន​ជ្រុង រាង​មូល


ទន្ទឹមនឹង iPhone 6 អេក្រង់ ៤,៧ inch ដែលអាចនឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន
Apple ក៏កំពុងតែអភិវឌ្ឍជំនាន់ iPhone ថ្មី ដែលនឹងមានអេក្រង់ ៥,៥ inch ។ ប៉ុន្ដែ iPhone ៥,៥ inch ក៏ប្រហែលជាមិនអាចលេចមុខក្នុងឆ្នាំនេះ ដោយសារបញ្ហាថ្ម។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/PhoneArena


Tags: iPhone 6 iPhone Air Chinese Apple