លទ្ធភាពច្រើនដែល iPhone ជំនាន់បន្ទាប់នឹងមានពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលស៊េរីខ្ពស់ និងម៉ូដែលស៊េរី តម្លៃទាប ជាមួយនឹងគុណភាពអេក្រង់ផ្សេងគ្នា។
តាមប្រភពព័ត៌មានពីសារព័ត៌មានជាច្រើន កាលពីពេលកន្លងមក បានកំណត់បញ្ជាក់ថា iPhone 7 នឹង មិនប្រើប្រាស់អេក្រង់ OLED នោះទេ ពោលគឺបច្ចេកវិទ្យាអេក្រង់នេះ នឹងត្រូវយកមកប្រើនៅឆ្នាំ២០១៨។ ប៉ុន្តែមានសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា លទ្ធភាពច្រើនដែល iPhone នឹងត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់ OLED ឆាប់ជាងពេលវេលា ដែលបណ្តាព័ត៌មានចចាមអារាមបាន ចុះផ្សាយកាលពីមុនដោយផ្អែកទៅលើ កាលពីពេលថ្មីៗនេះ LG បានធ្វើការបញ្ជាក់ពីការវិនិយោគទុន ជាង ៨,៤ ពាន់លានដុល្លារ សម្រាប់ផែនការផលិត OLED ថ្មី។ កត្តានេះបង្ហាញឲ្យឃើញថា ក្រុមហ៊ុន ហាក់ដូចជាមានតម្រូវការភ្លាមៗមួយ ចំពោះអេក្រង់ប្រភេទនេះ។
LG មិនបាននិយាយអ្វីទៅដល់ iPhone នៅក្នុងរបាយការណ៍សារព័ត៌មានថ្មីបំផុតនេះទេ ហើយទន្ទឹមនឹង នោះក៏មិនបានរំលឹកអ្វីទៅដល់ស្មាតហ្វូននោះដែរ។ ប៉ុន្តែក្រុមហ៊ុននេះ បានបញ្ជាក់ថា រោងចក្រថ្មីនឹង ដាក់ទីតាំងនៅ Paju ហើយបើតាមការរំពឹងទុក នឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលដើមឆ្នាំ ២០១៨ ខាងមុខនេះ។ ពេលវេលានេះហាក់ដូចជាស្របទៅនឹងពេលវេលា ដែលបណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗ បានឲ្យដឹងថា អេក្រង់ OLED នឹងបំពាក់នៅលើ iPhone នៅក្នុងឆ្នាំ ២០១៨។
យោងតាមប្រភពពី LG រោងចក្រ P10 នឹងមានភារកិច្ចផ្គត់ផ្គង់តម្រូវការ បន្ទះអេក្រង់ OLED សម្រាប់ បណ្តាឆ្នាំបន្តបន្ទាប់ពេលអនាគត ដែលនឹងផលិតទាំងបន្ទះអេក្រង់ធំសម្រាប់ទូរទស្សន៍ និងប្រភេទតូច សម្រាប់ស្មាតហ្វូន ក៏ដូចជាអេក្រង់បញ្ជានៅក្នុងរថយន្តផងដែរ។
បច្ចុប្បន្ន LG កំពុងជាអ្នកផ្គត់ផ្គង់ OLED សម្រាប់ Apple Watch ហើយក្នុងរបាយការណ៍ជាច្រើនកាលពី ពេលមុនបានឲ្យដឹងថា ទាំងក្រុមហ៊ុន LG និង Samsung អាចនឹងជាក្រុមហ៊ុនផ្គត់ផ្គង់តម្រូវការអេក្រង់ OLED សម្រាប់ iPhone របស់ Apple។
គួរឲ្យកត់សម្គាល់ផងដែរថា Foxconn ក៏កំពុងតែដំឡើងរោងចក្រមួយ ដើម្បីផលិតបន្ទះអេក្រង់ LCD សម្រាប់ iPhone ។ បើតាមការរំពឹងទុក រោងចក្រនេះនឹងដាក់ដំណើរការនៅដើមឆ្នាំ ២០១៨ ខាងមុខ នេះ។ ប្រភពពីសារព័ត៌មាន Korean Times បានឲ្យដឹងបន្ថែមថា Foxconn នឹងផលិត LCD សម្រាប់ ម៉ូដែល iPhone តម្លៃទាប៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Zing, Korean Times