នៅឯសន្និសិទ Code Conference ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា ម្សិលមិញនេះ អនុប្រធានជាន់ខ្ពស់របស់ Apple លោក Eddy Cue បានឲ្យដឹងថា ផលិតផលដ៏ល្អបំផុតរបស់ Apple ក្នុងរយះពេល ២៥ឆ្នាំកន្លងមកនេះ នឹងបង្ហាញណែនាំខ្លួន នៅចុងឆ្នាំនេះ។
Eddy Cue មិនបានបង្ហើបបន្ថែម ព័ត៌មានអ្វីទាំងអស់ស្តីពីផលិតផលអាថ៌កំបាំងនេះ ប៉ុន្តែបានសម្តែង ពីភាពជឿជាក់ថា: "មូលហេតុដែលពួកយើងទទួលបានភាពជោគជ័យ គឺដោយសារពួកយើង បាន ផ្តោតអារម្មណ៍តែផលិតផលមួយចំនួនដ៏តិច ជំនួសឲ្យការផលិត រាប់រយផលិតផល"។ Cue ក៏បាន និយាយបន្ថែមថា "អតីតនាយកប្រតិបត្តិ Apple ដែលបានស្លាប់បាត់បង់ជីវិតទៅហើយគឺលោក Steve Jobs ក៏នឹងមានមោទនភាពយ៉ាងខ្លាំង ចំពោះអ្វីដែលពួកយើង កំពុងតែធ្វើ"។
Eddy Cue អនុប្រធានជាន់ខ្ពស់ ទទួលភារកិច្ចផ្នែកសេវាកម្ម និងអ៊ីនធឺណេតរបស់ Apple
(រូបភាព៖ Re/Code)
នៅពេលដែលអ្នកសារព័ត៌មានលោក Walt Mossberg បានចោទជាសំណួរសួរទៅលើលោក Eddy Cue ថា តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យផលិតផលពិសេសនោះ អាចយកឈ្នះភាពជោគជ័យរបស់ iPhone, iPad ឬ MacBook បាននោះ? "ខ្ញុំជឿយ៉ាងមុតមាំថា បណ្តាផលិតផលដែលជិតបង្ហាញខ្លួន ទាំងនោះ នឹងពិតជាអស្ចារ្យ", Cue ឆ្លើយតប។
Apple កំពុងតែបោះជំហានទៅមុខមួយជំហានទៀត ក្នុងរយះពេលថ្មីៗនេះ។ ជាមួយរឿងដែលបាន ទិញយក Beats Electronics, ពួកគេនឹងក្តោបនៅក្នុងដៃនូវបណ្តាកាសស្តាប់តន្រ្តីស៊េរីខ្ពស់ និងបាន លុកដៃចូលយ៉ាងជ្រៅជាងមុនថែមទៀត ក្នុងផ្នែកឧស្សាហកម្មតន្ត្រី។
នៅដើមខែមិថុនា ខាងមុខឆាប់ៗ នេះ សន្និសិទអភិវឌ្ឈន៍សកលរបស់ Apple (WWDC 2014) នឹង ប្រារព្ធធ្វើឡើងជាមួយនឹង ផលិតផល ដែលត្រូវបានទន្ទឹងរង់ចាំជាច្រើនដូចជា iOS 8, OS X 10.10, iMac តំលៃទាបជាងមុន ឬក៏ជានាឡិកា ឆ្លាតវៃ iWatch៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress