អ្នកជំនាញរបស់ទស្សនាវត្តី Forbes បាននិយាយបញ្ជាក់ឲ្យដឹងថា Apple នឹងចាញ់ Microsoft ក្នុង ការប្រកួតលើទីផ្សារ ឧបករណ៍ Mobile បើទោះបីជា ក្រុមហ៊ុនផលិត iPhone កំពុងតែឈរជាក្រុម ហ៊ុនបច្ចេកវិទ្យា ដែលមានតំលៃខ្ពស់បំផុត នៅលើពិភពលោក។
ប្រព័ន្ធប្រតិបត្តិការ Android កំពុងតែមានដំណើរការនៅលើ ៨១% នៃស្មាតហ្វូនដែលត្រូវបាន ចែកចាយ ទូទាំងសកលលោក នៅត្រីមាសទី៣ ឆ្នាំ២០១៣ ក្នុងពេលដែល iOS មាន ១២,៩% និង Windows Phone ឈរលំដាប់ទី៣ ជាមួយនឹងចំនួន ៣,៦%។
អ្នកជំនាញ Mark Fidelman បានបញ្ជាក់នៅលើ Forbes ថា Microsoft នឹងឆាប់ដណ្តើមបានតំណែង លេខរៀងទី២ នៅលើទីផ្សារឧបករណ៍ Mobile នៅរយះពេល ២ ឬ៣ ឆ្នាំខាងមុខទៀតនេះ ក្នុង ពេលដែល Google នៅតែអាចរក្សាតំណែងលេខរៀងទី១ ដោយគ្មានការព្រួយបារម្ភ។
"បើយើងក្រឡេកមើលទៅលើចំនួនតួលេខ Windows Phone គឺជាប្រព័ន្ធប្រតិបត្តិការ Mobile ដែល មានសន្ទុះនៃការកើនឡើង លឿនជាងគេ នៅលើពិភពលោក", Fidelman សង្កត់ធ្ងន់ឲ្យដឹង។ ឧបករណ៍ Mobile ចំនួន ៩,៥ លានគ្រឿង ដែលមានបំពាក់នូវប្រព័ន្ធប្រតិបត្តិការរបស់ Microsoft ត្រូវបានចែកចាយនៅលើទីផ្សារ កាលពីត្រីមាសកន្លងទៅនេះ (នេះបើយោងតាម ចំនួនស្ថិតិ របស់ IDC) គឺបានកើតឡើងដល់ទៅ ១៥៦% បើប្រៀបជាមួយឆ្នាំ ២០១២ ដែលបានជួយឲ្យទីផ្សារ ភាគហ៊ុនរបស់ Windows Phone កើនឡើងជាងមុនពី ២% ដល់ ៣,៦%។ ផ្ទុយទៅវិញ បច្ចុប្បន្ន Apple នៅសល់តែ ១២,៩% ប៉ុណ្ណោះ ដែលកាលពីឆ្នាំកន្លងទៅមានដល់ ១៤,៤% ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress