CamNews

ទូរស័ព្ទ 

មានដឹងទេ ហេតុអ្វី iPhone ចាំបាច់ត្រូវ បោះបង់ចោល រន្ធដោតកាសស្តាប់តន្ត្រី

បច្ចុប្បន្នមានមតិចចាមអារ៉ាមជាច្រើន ស្តីពីមូលហេតុដែល Apple ចាំបាច់ត្រូវបោះបង់ចោល នូវរន្ធ​ដោតកាសស្តាប់តន្រ្តី នៅលើបណ្តាគំរូ iPhone ក្នុងពេលអនាគតរបស់ខ្លួន។ នោះអាចជាវិធីដើម្បីឲ្យ​Apple បង្កើននូវគុណភាពសម្លេង ឬបង្កើនបរិមាណលក់កាសស្តាប់តន្រ្តី Beats របស់ក្រុមហ៊ុនកូន​របស់ខ្លួន។​ មនុស្សជាច្រើននៅថែមទាំងប៉ាន់ស្មានថា Apple ចង់ឲ្យផលិតផលអនាគតរបស់ខ្លួន​ស្តើងជាងមុន។

រូបតំណាង (រូបភាព៖ Conceptphone)

ប៉ុន្តែតាម BusinessInsider​ បានឲ្យដឹងពីមូលហេតុពាក់ព័ន្ធដល់គំរូ iPhone សម្រាប់ឆ្នាំ ២០១៧ យ៉ាង សម​ហេតុផលមួយផ្សេងទៀត។ អ្នករចនាម៉ូតយូរឆ្នាំរបស់ Apple គឺលោក Jony Ive ចង់ឲ្យផលិតផល​iPhone 8 មានតួខ្លួន ដោយផ្ទៃទាំងខាងមុខ និងខាងក្រោយធ្វើពីកញ្ចក់ និងមិនអាចដោះថ្មបាន។ Apple នឹងបំពាក់សេនស័រស្គែនក្រយៅដៃ នៅក្នុងផ្ទៃអេក្រង់ផ្នែកខាងក្រោម ដូច្នេះប៊ូតុង Home នឹង​ត្រូវបានលុបបំបាត់ចោល។

ពេលនោះ បើសិនជា Apple ចង់បង្កើនក្រឡាផ្ទៃអេក្រង់ និងកាត់បន្ថយទំហំផ្នែកខាងក្រោមរបស់ iPhone ឲ្យនៅសល់តិចបំផុតនោះ ពួកគេចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរផ្នែករឹង នៅខាងក្នុង ដើម្បីឲ្យសម​ទៅនឹងការរចនាម៉ូត។ រន្ធដោតកាសស្តាប់តន្រ្តី គឺជាផ្នែករឹងមួយ ក្នុងចំណោមផ្នែករឹងមួយចំនួនទៀត​ដែលចាំបាច់ត្រូវមានការផ្លាស់ប្តូរ (លុបបំបាត់ចោល)។ ទន្ទឹមនឹងនោះ រន្ធសាកថ្ម Lightning ក៏ត្រូវ​ផ្លាស់ប្តូរផងដែរ ដោយនឹងត្រូវបានក្រុមហ៊ុន រចនាម៉ូតតូចខ្លីជាងមុន។

ជាមួយនឹងផលិតផលដែលទាមទារឲ្យមានការគិតគូរយ៉ាងល្អិតល្អន់ ហ្មត់ចត់ ស្តីពីការរចនាម៉ូតដូច ជា iPhone នេះ បណ្តាការផ្លាស់ប្តូរដ៏តូច កំរិតប៉ុន្មានមីលីម៉ែត្រក៏ដោយ ក៏វាផ្តល់មកវិញនូវភាពខុសគ្នា យ៉ាងខ្លាំងផងដែរ ហើយវាក៏ធំល្មមគ្រាប់គ្រាន់ សម្រាប់បង្កើនផ្ទៃក្រឡាអេក្រង់ ឬកម្លាំងដំណើរការនៃផ្នែករឹង​ថាមពលថ្មកាន់តែខ្លាំង.......ជាដើម៕

-​ អានអត្ថបទ​៖ នេះគឺជា Samsung Galaxy Note 6 (ឬ Galaxy Note 7) មែនទេ?
- អានអត្ថបទ៖ Samsung, LG, Acer គិតចង់ដកខ្លួនចេញពី ទីក្រុងឡុងដ៍ បន្ទាប់ពីអង់គ្លេស ចាកចេញពី EU


 

ប្រែសម្រួល៖ មង្គល


Tags: iPhone 8 Apple Smartphone Headphone port Hightech