ជាឧបករណ៍ពាក់ដៃដ៏ឆ្លាតវៃ ដែលត្រូវបានបង្កើតឡើងជាមួយនឹងមុខងារប្រើប្រាស់ជាច្រើន ប៉ុន្តែ សម្រាប់សមត្ថភាពក្នុងការវាស់ចង្វាក់បេះដូង នៅលើនាឡិការបស់ Apple ត្រូវបានគេវាយតំលៃមាន ភាពត្រឹមត្រូវច្បាស់លាស់ ក្នុងកំរិតមួយដ៏ខ្ពស់។
ដូចទៅនឹងបណ្តានាឡិកាឆ្លាតវៃដទៃផ្សេងទៀតដែរ Apple Watch ត្រូវបានបំពាក់នូវសេនសឺរ (Sensor) វាស់ចង្វាក់បេះដូងស្ថិតនៅផ្ទៃខាងក្រោមនាឡិកា។ មតិយោបល់មួយចំនួនបានឲ្យដឹងថា Hardware នេះ គ្រាន់តែជាមុខងារបំពេញបន្ថែមមួយ ដោយទិន្នន័យរបស់វាគ្រាន់តែជាព័ត៌មានយោង ជាមួយនឹង ភាពត្រឹមត្រូវក្នុងកំរិតមធ្យមតែប៉ុណ្ណោះ។ ជាក់ស្តែង តាមរយះការវាស់ចង្វាក់បេះដូង បានបង្ហាញឲ្យ ឃើញថា នាឡិការបស់ Apple បានផ្តល់នូវលទ្ធផលគួរជឿជាក់ជាខ្លាំង។
ក្រាហ្វិកវាស់ចង្វាក់បេះដូងតាម Apple Watch (ខ្សែពណ៌ខ្មៅ) និងម៉ាស៊ីនវាស់ជំនាញ Mio Alpha (ពណ៌ក្រហម)
វិស្វករផ្នែក Software, Brad Larson បានធ្វើការវាស់ចង្វាក់បេះដូងទន្ទឹមគ្នាជាមួយនឹង Apple Watch និងម៉ាស៊ីនវាស់ជំនាញ Mio Alpha ក្នុងរយះពេលមួយស្មើគ្នា។ បន្ទាប់ពីពេលរៀបលទ្ធផលទិន្នន័យត្រួត លើគ្នាមក តារាងក្រាហ្វិកវាស់ចង្វាក់បេះដូងរបស់ឧបករណ៍ទាំងពីរ ស្ទើរតែដូចគ្នាទាំងស្រុង។ "វាពិតជា អស្ចារ្យខ្លាំងណាស់" វិស្វករ Brad Larson បញ្ជាក់បន្ថែម។
បើទោះបីជា ត្រូវបានគេវាយតំលៃមានភាពត្រឹមត្រូវក្នុងកំរិតខ្ពស់ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនដែល មានស្នាមសាក់នៅលើ កដៃ បានរអ៊ូរទាំថា Apple Watch វាស់ចង្វាក់បេះដូងមិនបានត្រឹមត្រូវឡើយ សម្រាប់ ពួកគេ។ ក្រុមហ៊ុន Apple ក៏បានទទួលស្គាល់នូវបញ្ហានេះដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ដាក់ ចេញនូវ វិធានការដោះស្រាយ មានប្រសិទ្ធភាពណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ ករុណា
ប្រភព៖ vexpress