CamNews

សម្រស់ 

ហេតុ​អ្វី​ បវរ​កញ្ញា​ Venezuela តែង​បាន​គ្រង​មកុដ ខ្នាត​អន្ដរ​ជាតិ​?

ក្លាយជា​បវរកញ្ញា​ឯក​ពិភពលោក គឺជា​ក្ដី​ស្រមៃ​របស់​នារី​រាប់រយ​លាន​នាក់ ក្នុង​ពិភពលោក ប៉ុន្ដែ​មិនមែន​ស្រី​ស្អាត​រូប​ណា ក៏មាន​សម្រស់ ចំណេះដឹង និង​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ដូច្នេះ ដើម្បី​បាន​ទៅដល់​គោលដៅ ឬ​ដល់​ចំណុចកំពូល​ណាមួយ នោះ​ពួកនាង​ប្រាកដជា​ត្រូវ​ហ្វឹកហាត់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​សាលា​បណ្ដុះបណ្ដាល​ស្រី​ស្អាត។


សូម​ស្វែងយល់​អំពី​ការបណ្ដុះបណ្ដាល​បវរកញ្ញា នៅ Venezuela ៖

ពិភពលោក បានចាត់ទុក​បវរកញ្ញា​លំដាប់​អន្ដរជាតិ ថា ជា “ផលិតផល​ពិសេស” របស់ Venezuela ព្រោះថា ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ គឺជា​ស្រុកកំណើត​របស់​បវរកញ្ញា​ពិភពលោក​ចំនួន ៥រូប បវរកញ្ញា​អន្ដរជាតិ ចំនួន ៥រូប បវរកញ្ញា​ចក្រ​វា​ឡ ចំនួន ៦រូប។ ជោគជ័យ​ទាំងអស់នេះ កើតឡើង​ពី​វិស័យ​ឧស្សាហកម្ម​បណ្ដុះបណ្ដាល​បវរកញ្ញា ដែល​ប្រកបដោយ​ជំនាញ និង​មាន​ប្រព័ន្ធ​ច្បាស់លាស់​របស់ Venezuela ។

កុមារី​ទាំងអស់ សុទ្ធតែ​មានបំណង​ចង់​ក្លាយជា​បវរកញ្ញា តាំងពី​នៅ​ក្មេង


នៅ Venezuela អ្នក​រាល់គ្នា មានការ​យកចិត្តទុកដាក់​ខ្លាំង ទៅលើ​សម្រស់។ កុមារី​ទាំងអស់​នៅ​ប្រទេស​នេះ តែមាន​ក្ដី​ស្រមៃ​ថា ធំ​ឡើង​នឹង​ក្លាយជា​បវរកញ្ញា។ នៅពេល​មាន​អាយុ ៦ឆ្នាំ ពុក​ម្ដាយ បានឱ្យកូនៗ របស់ខ្លួន ទៅ​សិក្សា​នៅ​សាលា​បណ្ដុះបណ្ដាល​ផ្នែក​សម្រស់​បែប​អាជីព។ ក្នុងចំណោម​សាលា​បណ្ដុះបណ្ដាល​វិស័យ​សម្រស់​ល្បី​ៗ​ជាច្រើន ក៏មាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប​វរ​កញ្ញា Venezuela ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី Caracas ។ នៅទីនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា “មណ្ឌល​បង្វឹក Olympic សម្រស់” សម្រាប់​នារី​មាន​សម្រស់ ដោយមាន “ទេពអប្សរ” ជួយ​ប្រែក្លាយ​នារី​ដែល​មិនមាន​ឈ្មោះ​ល្បី ក្លាយជា​ស្រី​ស្អាត និង​ត្រូវបាន​គេ​ស្គាល់​ច្រើន។

កុមារី​ទាំងនោះ ត្រូវបាន​បង្ហាត់​អំពី​ការប្រើ​ស្ទីល តាំងពី A-Z


នៅក្នុង​បណ្ដា​សាលា​បណ្ដុះបណ្ដាល កុមារី Venezuela ត្រូវបាន​បង្រៀន​អំពី​ការសំដែង​នានា​សិល្បៈ​នៃ​ការ​ផាត់មុខ ធ្វើ​សក់ និង​ការបញ្ចេញ​វោហារសាស្ដ្រ។ ទាំងអស់គ្នា ឈានចូល​ក្នុង​ឆាក​ប្រកួត​ប្រជែង​​ប្រកបដោយ​ភាពខ្លាំង​ក្លា សង្ឃឹមថានឹង​ទទួលបាន​ចំណាប់អារម្មណ៍​ពី​ក្រុម​អ្នកគ្រប់គ្រង អ្នក​ជ្រើសរើស។

បណ្ដា​កុមារី​ដែលមាន​ភាពលេច​ធ្លោ និង​ត្រូវបាន​ជ្រើសរើស នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់ បណ្ដុះបណ្ដាល​ជាពិសេស។ ពួកនាង​នឹង​ក្លាយជា​មុខសញ្ញា​ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ផ្នែក​សម្ផស្ស ពិនិត្យ រកមើល​ថា តើ​នៅលើ​រាងកាយ​របស់​ពួកនាង នៅមាន​ចំណុច​ណា​មិនល្អ។ ក្រោយមក ពួកនាង​នឹងត្រូវ​បានធ្វើ​ការវះកាត់ កែ​សម្ផស្ស ដូចជា កែ​ច្រមុះ សុដន់។ល។

ចំណុច​ខុសគ្នា​រវាង​បវរកញ្ញា Venezuela និង​បណ្ដា​ប្រទេស​ដទៃ នោះ​គឺ វិន័យ​តឹងរឹង និង​សមត្ថភាព​រក្សា​កិត្តិយស។ បវរកញ្ញា មិន​ត្រឹមតែ​ជាការ​ប្រកួត និង​គ្រង​មកុដ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ដំណើរការ​មួយ​ដ៏​សំខាន់​ចាប់ពី​នៅ​ក្មេង រហូតដល់​ក្រោយ​ការ​គ្រង​មកុដ​បវរកញ្ញា។ ប្រការ​ទាំងនេះ សុទ្ធតែ​ត្រូវបាន​បណ្ដុះបណ្ដាល​ទៅដល់​នារី Venezuela តាំងពី​នៅ​ក្មេង។ នេះ​ក៏​ជា​មូលហេតុ​ជួយ​ឱ្យ​បវរកញ្ញា​ប្រទេស​នេះ នៅតែ​អាច​រក្សាបាន​កេរ​ឈ្មោះ​ល្អ ក្រោយ​បានក្លាយ​ជា​បវរ​កញ្ញាឯក ដោយ​មិន​បង្កឱ្យមាន​រឿងអាស្រូវ​នានា។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាយុ ៣០ គួរ​ថែទាំ​ស្បែក បែបណា​ទើប​ល្អ ?

ប្រែ​ក្លាយ​សក់​ស្ដើង ទៅ​ជា​ក្រាស់ ក្នុង​រយៈ​ពេល ៥​នាទី

ក្រចកពណ៌ក្រហមក្រមៅ ជួយកំចាត់ភាពរងា ក្នុងរដូវរំហើយ

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ HS


Tags: training behind Miss Venezuela success Miss Venezuela