Saygus ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចអាមេរិច បានប្រកាសឲ្យដឹងថា នឹងធ្វើការបង្ហាញ ណែនាំនូវកំពូលស្មាតហ្វូនមួយ ដែលមានសមត្ថភាពអាចប្រើបានប្រព័ន្ធប្រតិបត្តិការពីរ ក្នុងឧបករណ៍ តែមួយ។
យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនផលិត ស្មាតហ្វូន Saygus V-Squared ត្រូវបានដំឡើងពីបណ្តា ឧបករណ៍គ្រឿងផ្សំ និងវត្ថុធាតុលំដាប់ខ្ពស់។ ស្មាតហ្វូនមានការរចនាម៉ូត តម្រូវដល់បុរសភេទ ប្រើ Android 4.4 KitKat ហើយនឹងមាន "សមត្ថភាពប្រើបានប្រព័ន្ធប្រតិបត្តិការពីរ"។ ក្រៅពី Android ស្មាតហ្វូននេះត្រូវបានគេរំពឹងទុកថា នឹងអាចប្រើបានប្រព័ន្ធប្រតិបត្តិការ Windows Phone មួយទៀត។
V-Squared ត្រូវបានបំពាក់នូវបណ្តា Feature គួរឲ្យទាក់ទាញជាច្រើនដូចជា Sensor ស្គែនក្រយៅដៃ បច្ចេកវិទ្យាសម្លេង Harman Kardon រន្ធដោតមេម៉ូរីក្រៅពីរ (ផ្គត់ផ្គង់ដល់ទំហំអតិបរមា 256GB)។ ដូច្នេះ បើបូករួមជាមួយនឹង 64GB ទំហំមេម៉ូរីក្នុងស្មាតហ្វូនទៀត នោះអ្នកប្រើប្រាស់នឹងមានទំហំមេម៉ូរីទាំង អស់ឡើងដល់ 320GB។ V-Squared ក៏មានផ្គត់ផ្គង់ Wireless HD ផងដែរ។ ស្មាតហ្វូនមានកាមេរ៉ា ក្រោយ 21MP និងកាមេរ៉ាមុខ 13MP។ កាមេរ៉ាទាំងពីរនេះ សុទ្ធតែមានបំពាក់បច្ចេកវិទ្យាទប់រំញ័រ ជាស្រេច។
...អាន៖ អីយ៉ា! iPhone 6 Plus ប្រើបាន Windows 98 ផង
បើទោះបីជាមិនបានបង្ហាញពីសន្ទស្សន៍ IP ប៉ុន្តែ Saygus បានប្រកាសឲ្យដឹងថា V-Squared ក៏ត្រូវបាន បំពាក់នូវ Feature ការពារជម្រាបទឹកដែរ។ លក្ខណៈសម្បត្តិនៅសល់ផ្សេងទៀតរបស់ស្មាតហ្វូននេះ រួមមាន អេក្រង់ទំហំ 5 inch រីសូលុយហ្សិន 1080p, រន្ធ Infrared IR, CPU Quad Core Snapdragon 2.5GHz (អាចជា Snapdragon 801), Ram 3GB, ថាមពលថ្ម 3100mAh មានសមត្ថភាពផ្គត់ផ្គង់ ថាមពលប្រហាក់ប្រហែលនឹង បរិមាណថ្ម 4500mAh ធម្មតា។ វាក៏មានផ្គត់ផ្គង់ការសាកថ្ម អត់ខ្សែផង ដែរ។
បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ ពីពេលវេលានៃការដាក់លក់នៅលើទីផ្សារ ក៏ដូចជាតំលៃលក់របស់ Saygus V-Squared នៅឡើយទេ។ ជាក់ស្តែងដោយសារតែស្មាតហ្វូនដណ្តើមបានពានរង្វាន់ CES 2015 Innovation Award ដូច្នេះសឹងតែប្រាកដថា វានឹងត្រូវបានដាក់បង្ហាញខ្លួន នៅក្នុង CES 2015 ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែ មករា ឆ្នាំ ២០១៥ ខាងមុខនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, Vreview