ប្រហែលជាកិច្ចខិតខំប្រឹងប្រែងដែល Google បានចំណាយទៅលើការផ្សាយពាណិជ្ចកម្ម ផលិតផលថ្មីរបស់ខ្លួន មានប្រសិទ្ធភាព ហើយជាលទ្ធផលបរិមាណលក់ចេញស្មាតហ្វូន Pixel គឺបានលើសកម្រិត នៃការរំពឹងទុករបស់ Google។ ម៉ូដែលទាំងពីររបស់ Pixel សុទ្ធតែលក់អស់ស្តុកទាំងអស់ ទាំងនៅលើ Google Store និងនៅខាងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត Verizon។
តាមប្រភពពី AndroidAuthority បានឲ្យដឹងថា មានរឿងមួយដែលអ្នកណាក៏អាចស្មានដឹងបាន នោះគឺ ម៉ូដែល Pixel ពណ៌ខៀវពិសេស គឺជាម៉ូដែលដែលលក់ដាច់ជាងគេបំផុត ហើយត្រូវបានក្រុមហ៊ុន ប្រកាសអស់ស្តុក តាំងពីចុងសប្តាហ៍មុនមកម្ល៉េះ។ ប៉ុន្តែមកដល់ពីនេះ សូម្បីបណ្តាស្មាតហ្វូន Pixel ម៉ូដែលពណ៌ខ្មៅ និងស ក៏ត្រូវបានក្រុមហ៊ុនពន្យារពេលលក់ ដល់ទៅ ៤ ឬ ៥សប្តាហ៍ទៀត។ កត្តានេះ អាចឆ្លុះបញ្ជាក់បានថា ម៉ូដែលមានទំហំអេក្រង់ធំជាង Pixel XL ក៏បានលក់អស់ពីស្តុកដែរ។
សញ្ញាខាងលើនេះ យើងអាចនិយាយបានថា ប្រហែលជាស្មាតហ្វូន Pixel កំពុងក្លាយជាឈ្មោះស្មាតហ្វូន ដែលត្រូវបានអ្នកប្រើប្រាស់រំលឹកដល់ច្រើនជាងគេ បន្ទាប់ពីការបញ្ឈប់ផលិត និងប្រមូលចូល វិញ Galaxy Note 7។ ជាក់ស្តែង Google ក៏បានសង្កេតឃើញរឿងនេះ ហើយក្រុមហ៊ុននឹងបន្ថែម ប្រភព ផ្គត់ផ្គង់ថែមទៀត ដើម្បីផលិតឲ្យទាន់តម្រូវការរបស់អ្នកប្រើប្រាស់ នៅក្នុងរដូវវិស្សមកាល ចុងឆ្នាំនេះ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ AndroidAuthority, vreview