ទួល ផ្ដាច់ព្រលឹងនេះ ស្ថិតនៅក្នុងភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ដកណ្ដាល ដែលមាន
ទីតាំងជាប់ផ្លូវរទេះ។ តាមសម្ដីអ្នកស្រុកក្នុងភូមិម្តុំនេះ បានឱ្យដឹងថា តាំងពីដើមរៀងមក គេយក
ទីទួលព្រៃនេះ សម្រាប់កប់ខ្មោច ម្ល៉ោះហើយ មិនសូវ មាននរណាហ៊ានដើរកាត់ ទីនោះទេ លុះ
ត្រាតែមានគ្នាច្រើន។ ទួលកប់ខ្មោចនេះមានចម្ងាយប្រហែល៣០០ម៉ែត្រពីភូមិ។ អ្នកភូមិទីនោះ
តែងបន្លាចតៗគ្នាថា ទីនេះមានខ្មោចលង សាហាវបំផុត។ បើអ្នកណាត្រូវខ្មោចព្រៃនោះលង
ហើយ កម្រមានសំណាងបានរស់រានមានជីវិតណាស់។
កាលពីចុងឆ្នាំ២០០៧ កន្លងទៅ មានបុរសម្នាក់ត្រូវខ្មោចលង សណ្ដំព្រលឹង នាំផ្លូវទៅកាន់ទីនោះ
រួចក៏បាត់បង់ជីវិតទៅ។ កាលពីពីរឆ្នាំកន្លងទៅនេះ មានបុរសម្នាក់ឈ្មោះវុន អាយុ ២៧ឆ្នាំ ស្ពាយ
បាយមួយបង្វេច ដើរសំដៅទីស្រែរបស់ខ្លួន ដែលនៅខាងកើតភូមិ ដោយកាត់តាមផ្លូវព្រៃខ្មោច
ស្រាប់តែត្រូវខ្មោចលងសន្ធប់ នាំយកទៅលើទីទួលនោះ ច្រៀងរាំតែម្នាក់ឯងតាំងពីព្រឹកទល់ល្ងាច
ទាល់តែបងប្អូនញាតិមិត្ត លើកគ្នាទៅតាមអូសដៃ អូសជើងទើបដឹងខ្លួន។ ប៉ុន្តែ លុះមកដល់ផ្ទះ
ក៏ក្ដៅខ្លួន សន្លប់បាត់ស្មារតី បានតែ២ម៉ោងប៉ុណ្ណោះ ក៏ដាច់ខ្យល់ស្លាប់ចោលប្រពន្ធកូនទៅ។
លោកយាយ ហូ ឌឿន ជាអ្នកស្រុកទីនោះ បានបញ្ជាក់ថា មុនពេលស្លាប់ បុរសឈ្មោះ វុន នោះ
ប្រាប់បងប្អូនថា គេដើរទៅស្រែ លុះមកដល់ព្រៃខ្មោច ក៏មានអ្វីមកសន្ធប់ នាំដើរទៅតាមផ្លូវមួយ
ឃើញសុទ្ធតែមនុស្សយ៉ាងច្រើនកុះករ ហើយក៏ឃើញអ្នកដែលស្លាប់ពីមុនៗ រស់វិញមកបបួលគេ
ស៊ីផឹក។ គ្រាន់តែនិយាយចប់ បុរសឈ្មោះ វុន នោះក៏ដាច់ខ្យល់ស្លាប់ ដោយគ្មានរោគសញ្ញាអ្វី ធំដុំ
សោះ។ ជាមួយគ្នានេះដែរ លោកតា ណេង ផាន អាយុ៦២ឆ្នាំ ជាព្រឹទ្ធាចារ្យប្រចាំភូមិ បានឱ្យដឹង
ថាខ្មោចនៅទួលព្រៃផ្ដាច់ព្រលឹងនេះ តែងកាឡាខ្លួនធ្វើជាមនុស្ស ជួនកាលវានិម្មិតទីព្រៃ ឱ្យក្លាយ
ជាភូមិឋាន មានបុណ្យទាន ជប់លៀងស៊ីផឹក រាំច្រៀង ហើយក៏មានអសុរកាយ ចាំរាំងផ្លូវ សណ្ដំ
ព្រលឹងមនុស្ស ដែលមានក្រយៅខ្មោចលង យកទៅធ្វើជាបរិវាស្ដេចខ្មោច។ លោកតាអះអាង ថា
រូបគាត់ធ្លាប់ត្រូវខ្មោច នៅ ទួលផ្ដាច់ព្រលឹងនេះ លងមួយដងជាពីរដងដែរ ប៉ុន្តែគាត់ជាមនុស្សធ្លាប់
បានបួសរៀន ចេះបាលីដេញខ្មោច សូត្រឱ្យខ្មោចខ្លាច ទើបគាត់អាចឈានជើងដើរ ចេញពីភព
កាឡៃ បំភ័ណ្ឌនេះ ទាំងព្រឺក្បាលប៉ុនល្អី។ ពូ ម្នាក់ទៀតឈ្មោះ សន គី អាយុ៤៩ឆ្នាំ បាននិយាយថា
អ្នកភូមិដាក់ឈ្មោះ ទួលផ្តាច់ព្រលឹង តាំងឆ្នាំ១៩៧៩ម្ល៉េះ ដើមឡើយទួលកប់ខ្មោចនេះ មិនមានខ្មោច
លង ដូចសព្វថ្ងៃនេះទេ ប៉ុន្តែដោយសារមានមនុស្សខ្លះដែលស្លាប់ដោយប្រការឆក់ប្លន់គេ ហើយពុំ
មានសាច់ញាតិ ធ្វើបុណ្យបញ្ជូនកុសល ក៏ក្លាយទៅជាខ្មោចលងដ៏សាហាវៗ ទើបទីទួលនេះក្លាយ
ទៅជាទួលលំនៅនៃវិញ្ញាណអសុរកាយដូច្នេះ។ ខាងលើនេះ ជាសម្ដីរបស់អ្នកភូមិឈើខ្មៅ គ្រប់ៗ
គ្នា។
ពាក្យចាស់ផ្តាំថា ឮ១០០ដង មិនមានតម្លៃស្មើនឹងឃើញត្រឹមមួយដង ដូច្នេះ សូមមិត្ដអ្នកអាន
ពិចារណាតាមទស្សនៈ រៀងៗខ្លួន ហើយធ្វើការពិនិត្យស្រាវជ្រាវ ដោយផ្ទាល់ចុះ។
ប្រភព៖ world-ghosts blogspot