កាលពីខែមុន បណ្តាព័ត៌មានជាច្រើនពីប្រទេសចិន បានធ្វើការបង្ហោះរូបភាព ដែលត្រូវបានគេចាត់ទុកជា កាលវិភាគនៃការបង្ហាញណែនាំផលិតផល របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំជាងគេបំផុត លើពិភពលោក China Mobile។ នៅក្នុងកាលវិភាគនៃការបង្ហាញណែនាំផលិតផលនេះ ស្មាតហ្វូន iPhone 4 inch ថ្មីរបស់ Apple មានឈ្មោះហៅថា iPhone 7C ហើយនឹងបង្ហាញណែនាំខ្លួននៅក្នុងខែមេសា ខាងមុខនេះ។ ចំណែកប្រភព ព័ត៌មាន មួយចំនួនផ្សេងទៀត ចុះផ្សាយមានឈ្មោះហៅថា iPhone 6c វិញ។
ជាក់ស្តែងនៅថ្ងៃនេះ Out of China បានធ្វើការផ្សាយចេញនូវរបាយការណ៍ផ្សេងមួយ ដោយបានកំណត់បញ្ជាក់ ឈ្មោះហៅជាក់ស្តែងរបស់ iPhone 4 inch ថ្មីថា iPhone 5e។ អក្សរ “e” នៅក្នុងឈ្មោះហៅនេះ គឺជាអក្សរកាត់ នៃពាក្យ “enhanced” (ប្រសើរឡើង)។ ប្រភពព័ត៌មាននេះ បានបញ្ជាក់បន្ថែមថា Apple នឹងដកចេញនូវការ រចនាម៉ូតសំបកធ្វើពីសាររធាតុជ័រដូចនៅលើ iPhone 5C ហើយជំនួសមកវិញនូវសំបកធ្វើពី លោហធាតុ។
និយាយពីលក្ខណៈសម្បត្តិវិញ Out of China បានឲ្យដឹងថា iPhone 5e នឹងមិនខ្លាំងដូចទៅនឹងបណ្តាព័ត៌មាន ចចាមអារ៉ាម បានចុះផ្សាយកាលពីពេលមុនៗនោះទេ។ ជាក់ស្តែងវាប្រើប្រាស់ chip ដំណើរការ A8 មិនមែន A9 ទេ ចំណែក RAM វិញមានទំហំតែ 1GB ប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងមានគាំទ្រ Apple Pay, VoLTE, កាមេរ៉ា ក្រោយទំហំ 8 megapixel និងមានតម្លៃលក់ប្រហែល ៥០០ដុល្លារ។
បច្ចុប្បន្ន Apple iPhone 5e ត្រូវបានដាក់ចេញធ្វើការផលិតជាច្រើនគ្រឿង នៅក្នុងរោងចក្ររបស់ Foxconn ហើយត្រៀមខ្លួនបង្ហាញណែនាំនៅក្នុងខែមីនា ឆ្នាំនេះ ដែលមានអង្គផ្ទុកទិន្នន័យពីរទំហំគឺ ទំហំ 16GB និង 64GB។ របាយការណ៍ពីប្រទេសចិនបានឲ្យដឹងថា Apple ធ្វើការផ្តោតផលិតផលនេះ នៅតាមបណ្តាទីផ្សារ ដែលទើបតែរីកចម្រើន កន្លែងដែលពួកគេសង្ឃឹមអភិវឌ្ឍសេវាកម្មទូទាត់ដោយផ្ទាល់ Apple Pay។
បើគិតមកដល់ពេលនេះ រូបរាង iPhone 4 inch ថ្មីនៅតែស្ថិតក្នុងភាពអាថ៌កំបាំង ដែលវាខុសពីបណ្តាផលិតផល មុនៗមកពី Apple ដែលជារឿយៗច្រើនតែបែកធ្លាយរូបភាពជាច្រើន មុនពេលវេលានៃការបង្ហាញខ្លួន។ បណ្តា ព័ត៌មានចចាមអារ៉ាម ជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ កាន់តែធ្វើឲ្យអ្នកប្រើប្រាស់ មានភាពច្របូកច្របល់ជាង មុន ស្តីពីផលិតនេះ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Out of China, zing