តាមប្រភពពត៌មាន CNET បានអោយដឹងថាក្រុមហ៊ុន Apple ទើបតែបានធ្វើសេចក្តីប្រកាស
ជាផ្លូវការមួយស្តីពីទិន្នន័យសារពើពន្ធប្រចាំឆ្នាំ ២០១១ នេះអមដោយតួលេខគួរជាទីមោទន
ជាទីបំផុត ។ ខាងក្រោមនេះជាពត៌មានលំអិតអំពីទិន្នន័យនេះ៖
១០៨ពាន់លានដុល្លាអាមេរិក: ជាចំណូលរបស់ Apple នៅក្នុងឆ្នាំនេះ ដែលខ្ពស់ជាង ៦៦%
បើប្រៀបធៀបជាមួយចំណូលកាលពីឆ្នាំ ២០១០ ។
២៥,៩ពាន់លានដុល្លាអាមេរិក:ជាប្រាក់ចំណេញរបស់ Apple ក្នុងឆ្នាំ ២០១១ គឺប្រហាក់
ប្រហែលតំលៃ ២៧,៦៨ដុល្លាអាមេរិកក្នុងមួយភាគហ៊ុន ។ ចំនួននេះបានកើន ៨៥% បើធៀប
ជាមួយឆ្នាំ ២០១០ ដែលមានត្រឹមតែ ១៤ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ ។
៨១ពាន់លានដុល្លាអាមេរិក: គឺជាចំនួនសាច់ប្រាក់សុទ្ធបច្ចុប្បន្នរបស់ Apple ។ តាមសេចក្តី
រាយការណ៍របស់នាយកផ្នែកហិរញ្ញវត្ថុរបស់ Apple លោក Peter Oppenheimer អោយដឹងថា
២/៣ នៃចំនួននេះត្រូវបានធ្វើឡើងនៅក្រៅប្រទេស ។ នាយកប្រត្តិបត្តិរបស់ Apple លោក
Tim Cook អោយដឹងថាសាច់ប្រាក់សុទ្ធទាំងនេះត្រូវបានក្រុមហ៊ុនយកទៅប្រើប្រាស់ដើម្បីធ្វើ
វិនិយោគខាងផ្នែកជំនួញពាណិជ្ជកម្ម ។ ការវិនិយោគទាំងនោះរួមមានការទិញបច្ចេកវិទ្យា
Siri ដែលបានទិញកាលពីឆ្នាំទៅនិងបានបំពាក់ចូលទៅក្នុងសមិទ្ធិផល iPhone 4S ,វិនិយោគ
ផ្នែកកម្មសិទ្ធិបញ្ញាដែលក្នុងនោះរួមមានទាំងប័ណ្ណកម្មសិទ្ធិបញ្ញារបស់ Nortel ក៏ដូចជាការ
ចំណាយនៅតាមបណ្តាសាខាលក់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន ។
៧២លាន: គឺជាចំនួនទូរស័ព្ទ iPhone ដែលបានលក់ចេញ និងមានការកើនឡើងជិតពីរដង
បើធៀបជាមួយចំនួន ៤០លានគ្រឿងដែលលក់ចេញកាលពីឆ្នាំទៅ ។ ដោយឡែកចំពោះ
iPhone 4S នឹងមិនត្រូវបានគិតចូលទៅក្នុងចំណូលសំរាប់ត្រីមាសទី៤ របស់ Apple នោះទេ ។
តែនឹងត្រូវប្រកាសនៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០១២ ។
៣២លាន: ជាចំនួនឧបករណ៍ iPad ដែលបានលក់ចេញ ។ នេះជាលើកដំបូងដែល Apple ធ្វើ
សេចក្តីប្រកាសពីចំនួន iPad ដែលត្រូវបានលក់ចេញ សំរាប់បញ្ជីហិរញ្ញវត្ថុរបស់ខ្លួនក្នុងឆ្នាំនេះ
ហើយក្នុងនោះ ប្រហែលជា ១/៣ នៃចំនួននេះគឺគិតត្រឹមតែរយៈពេល ៦ខែចុងក្រោយនេះ
ប៉ុណ្ណោះនិងបូករួមទាំង iPad 2 ផងដែរ ។
១៧លាន: គឺជាចំនួនផលិតផល Mac ដែលបានលក់ចេញ ។ តាមរយៈតួលេខនេះបង្ហាញ
អោយឃើញថាផលិតផល Mac មិនមែនជាខ្នងបង្អែករបស់ Apple ទៀតឡើយខណៈពេល
ដែល iPhone និង iPad បាននាំមុខវិញនោះ ។ ប៉ុន្តែចំនួននេះក៏មានការកើនលើងផងដែរបើ
ធៀបជាមួយឆ្នាំ ២០១០ កន្លងទៅ ។ កំរិតនៃការកើនឡើងនៅក្នុងត្រីមាសទីមួយគឺ ២៣%,
ត្រីមាសទីពីរកើនឡើង ២៨% ,ត្រីមាសទីបីចំនួន ១៤% និងនៅក្នុងត្រីមាសទីបួនកើនឡើង
ចំនួន ២៦% ។ ចំពោះការធ្លាក់ចុះនៅក្នុងត្រីមាសទីបីត្រូវបានអោយដឹងថាមកពីអ្នកប្រើ
ប្រាស់រង់ចាំទិញផលិតផល Mac ថ្មីមួយទៀតដែលដំណើរការដោយ Mac OS X Lion តែ
ត្រូវបានក្រុមហ៊ុនធ្វើការចែកចាយនៅក្នុងត្រីមាសទីបួន ។
៤២,៦លាន: ជាចំនួនឧបករណ៍សា្តប់ចំរៀង iPod ដែលបានលក់ចេញ ។ ហើយនៅក្នុងឆ្នាំ
នេះឧបករណ៍ iPod ក៏នៅបន្តធ្លាក់ចុះនូវចំណូលរបស់ខ្លួនគួរអោយបារម្មណ៍ផងដែរ គឺធ្លាក់
ចុះចំនួន ២៧% បើធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១០ ។
៤០: គឺជាចំនួនហាងលក់ផលិតផលថ្មីដែលទើបតែកកើតឡើងបន្ថែមទៀតនៅក្នុងឆ្នាំនេះ
ហើយដែលគួរអោយកត់សំគាល់បំផុតគឺហាងលក់ផលិតផលទាំង ៣០ដែលត្រូវបានសាង
សង់ឡើងក្នុងត្រីមាសទី៣ និង ២១ហាងលក់ផលិតផលទៀតត្រូវបានសាងសង់ឡើងនៅ
ក្រៅទឹកដីអាមេរិក ។ បច្ចុប្បន្ន Apple កំពុងតែកាន់កាប់ហាងលក់ផលិតផលទាំងអស់ចំនួន
៣៥៧កន្លែងនៅទូទាំងពិភពលោក ។
តាមគំរោង,របាយការណ៍ប្រកបដោយខ្លឹមសារគ្រប់គ្រាន់នេះនឹងត្រូវបាន Apple បញ្ជូនទៅ
កាន់គណៈកម្មការមូលបត្រ និងរូបិយប័ណ្ណនៅចុងខែនេះផងដែរ ៕
ប្រភព៖ CNET
ដោយ៖ រដ្ឋា