CamNews

ទូរស័ព្ទ 

iPhone 5c តម្លៃ ០.៩៧ ដុល្លារ និង 5s តម្លៃ ៧៩ដុល្លារ មានលក់ នៅ Walmart

ដើម្បីបើកផ្លូវឱ្យម៉ូដែលស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺ iPhone 6 ដែលត្រៀមនឹងបង្ហាញខ្លួន
ក្នុងពេលឆាប់ៗខាងមុខ ក្រុមហ៊ុនលក់រាយ Walmart ចាប់ផ្ដើមបញ្ចុះតម្លៃ ស្ទើរតែមិនគួរឱ្យជឿ
ចំពោះម៉ូដែលចុងក្រោយចំនួនពីរ គឺ iPhone 5s និង iPhone 5c ។

ក្រុម​ហ៊ុន​លក់​រាយ Walmart ចាប់​ផ្ដើម​លក់​ "លាង​ឃ្លាំង" iPhone 5s និង iPhone 5c

ក្រុមហ៊ុនលក់រាយ Walmart ទើបតែបានបញ្ចេញនូវតម្លៃយ៉ាងពិសេស សម្រាប់លក់ “លាងឃ្លាំង”
iPhone 5s និង iPhone 5c ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ បំពាក់អង្គចងចាំ 16GB ដូចគ្នា និង
មានតម្លៃខុសៗគ្នា គឺ ០,៩៧ ដុល្លារ សម្រាប់ iPhone 5c និង ៧៩ ដុល្លារ សម្រាប់ iPhone 5s ។
iPhone 5s និង iPhone 5c នេះ នឹងដំណើរការដោយយោងទៅលើក្រុមហ៊ុនអ៊ីនធឺរណែតមួយ
ចំនួន នៅអាមេរិក ដូចជា AT&T, Verizon, Sprint ឬ US Cellular ជាមួយនឹងកញ្ចប់កុងត្រាប្រើ
ប្រាស់អ៊ីនធឺរណែត ២ឆ្នាំ។

នេះគឺជាព័ត៌មានដ៏ល្អមួយ សម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់ iPhone 5s ឬ iPhone 5c
ប៉ុន្ដែ សូមបញ្ជាក់ថា កម្មវិធីបញ្ចុះតម្លៃនេះ នឹងមានរយៈពេលតែ ៩០ ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់
ពីថ្ងៃនេះ។

កម្មវិធីខាងលើ មិនមែនជាលើកដំបូងនោះទេ ដែល Walmart លក់បញ្ចុះតម្លៃបែបនេះ ចំពោះ
iPhone 5s ឬ iPhone 5c ។ គេនៅចាំបានថា កាលពី ២ខែមុន Walmart ក៏ធ្លាប់បានបញ្ចុះតម្លៃ
iPhone 5s មកនៅត្រឹម ៩៩ដុល្លារ និង iPhone 5c មកនៅត្រឹម ២៩ដុល្លារ។

នៅក្នុងអំឡុងពេលដែលជិតនឹងមានការបង្ហាញខ្លួនរបស់ផលិតផលជំនាន់ថ្មី (ក្នុងករណីនេះ គឺ
សំដៅលើ iPhone 6) ការលក់បញ្ចុះតម្លៃផលិតផលចាស់ គឺជាវិធីមួយដែលគេតែងតែឃើញ
បណ្ដាក្រុមហ៊ុនលក់រាយ បានធ្វើឡើងជាញឹកញាប់ក្នុងបំណង “លាងឃ្លាំង” ដើម្បីទទួលផលិត
ផលថ្មី៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Appleinsider/Cnet


Tags: iPhone 5s iPhone 5c Walmart discount