CamNews

ថេបប្ល៊ែត 

iPad Air 2 ធ្លាយព័ត៌មានស្ទើរទាំងស្រុង មុនថ្ងៃបង្ហាញខ្លួន ១៦តុលា

នៅសល់ ១០ថ្ងៃទៀត ទើប iPad Air 2 បង្ហាញខ្លួនជាផ្លូវការ ក៏ប៉ុន្ដែ បណ្ដាប្រភពព័ត៌មានដ៏គួរឱ្យ
ទុកចិត្ត ពីរោងចក្រផលិតរបស់ Apple បានបង្ហើបឱ្យដឹងស្ទើរតែទាំងអស់នូវអ្វីដែល iPad Air ជំនាន់
ថ្មី នឹងប្រើប្រាស់។

iPad Air 2 នឹងមានរូបរាងស្ដើងជាង ០,៥ម.ម បើធៀបទៅនឹង iPad Air ជំនាន់ដំបូង គឺជាកម្រាស់
ដ៏គួរចាប់អារម្មណ៍ សម្រាប់ថេប្លេត ដែលមានអេក្រង់ ៩,៧អ៊ិន្ឈ៍ ដូច្នេះ គេឃើញថា iPad Air 2 នឹង
មានកម្រាស់ត្រឹមតែ ៧ម.ម ប៉ុណ្ណោះ (ប្រហាក់ប្រហែលនឹង iPhone 6)។

ដើម្បីមានកម្រាស់ដូចខាងលើ Apple ត្រូវកៀបអេក្រង់ និងកញ្ចក់ការពាររបស់ iPad Air 2 ឱ្យទៅ
ជាផ្ទាំងតែមួយ។ ប៉ុន្ដែ ប្រការនេះ នឹងធ្វើឱ្យការជួសជុល ឬផ្លាស់ប្ដូរអេក្រង់ និងកញ្ចក់អេក្រង់ មាន
តម្លៃថ្លៃជាង ធៀបនឹង iPad ជំនាន់មុនៗ។ ដូច្នេះហើយ Apple ត្រូវតែបំបាត់ប៊ូតុងមួយចំនួន ដែល
ធ្លាប់បានដាក់នៅលើដងខ្លួនរបស់ម៉ាស៊ីន ទន្ទឹមនឹងនេះ ប៊ូតុងគ្រប់គ្រងសម្លេង ក៏នឹងត្រូវបានរចនា
ឡើងវិញ ដើម្បីឱ្យសមស្របទៅនឹងរូបរាងរបស់ឧបករណ៍នេះ។ ក្រុមហ៊ុនមួយចំនួន ត្រូវបាន
Apple ប្រគល់ភារកិច្ច ផលិតអេក្រង់សម្រាប់ iPad Air 2 ក្នុងនោះរួមមាន ក្រុម​ហ៊ុន TPK, GIS,
Sharp, Samsung និង LG ផងដែរ។

ក្រៅពីបណ្ដាប៊ូតុងខាងលើ ប្រព័ន្ធបំពងសម្លេងក៏ត្រូវបានប្ដូរផ្លាស់ថ្មីទាំងស្រុង ដោយបង្កើតរន្ធ
មូលៗ ជាច្រើន តម្រៀបគ្នាជាជួរនៅចំហៀងខាងក្រោមរបស់ ថេប្លេត នេះ។ ចំណែកប្រព័ន្ធ​ស្រូបសម្លេងក៏ត្រូវបានរើទៅដាក់នៅផ្នែកខាងស្ដាំនៃកាមេរ៉ា និងចំហៀងខាងឆ្វេងរបស់ម៉ាស៊ីន។

លើសពីនេះ កាមេរ៉ាក្រោយរបស់ iPad Air 2 នឹងត្រូវបានដំឡើងដល់ 8MP (iPad Air បចុច្បន្ន
ត្រឹមតែ 5MP) កាមេរ៉ាមុខ អាចថតវីដេអូកម្រិត FaceTime 720p ។ ម៉ាស៊ីននេះ បំពាក់ឈីប A8
និង RAM 2GB ។ អង្គចងចាំក្នុងម៉ាស៊ីន រួមមាន 32GB, 64GB និង 128GB ដោយបំបាត់ចោល
កំណែ 16GB។ ប៊ូតុង Home របស់ iPad Air 2 បំពាក់សេនសឺរស្កេនក្រយៅដៃ Touch ID និងមាន
បំពាក់ NFC ។

ម៉ូដែល iPad Air 2 នេះ តាមគម្រោងនឹងត្រូវបានឧទ្ទេសនាម ជាមួយនឹង iPad Mini 3 ដែលបំពាក់
ប៊ូតុង Touch ID និងប្រព័ន្ធ Apple Pay នៅក្នុងព្រឹត្តិការណ៍មួយ ដែលនឹងប្រារព្ធឡើង នាថ្ងៃទី ១៦
តុលាខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/knowyourmobile


Tags: iPad Air 2 Apple 16 October