CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រយ័ត្ន! អ្នកទាញយកភាពយន្ដ The Interview អាចបាត់បង់ប្រាក់ ពីគណនីធនាគារ

ក្រុមហ៊ុនការពារសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យា McAfee បានកត់សម្គាល់ឃើញថា មានករណីអ្នក
ប្រើប្រាស់ទាញយកខ្សែភាពយន្ដ The Interview ប៉ុន្ដែ ត្រូវជួបនឹងមេរោគ នៅពេលពួកគេចុចលើ
តំណភ្ជាប់ដែលមានកូដអាក្រក់ អាចលួចយកគណនីធនាគារ។

The Interview កំពុងត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នាបច្ចុប្បន្ន ក្នុងនោះ ក៏មានក្រុម hacker
ឬ ចោរអ៊ីនធឺរណែត។ ការចំណាយប្រាក់ ៤៤លានដុល្លារអាមេរិក ដើម្បីផលិតខ្សែភាពយន្ដនេះ
ហើយ ដាក់បញ្ចាំងវានៅលើប្រព័ន្ធអ៊ីនធឺរណែត គឺជារឿងពិបាកនឹងកើតឡើង។ ប្រការនេះ មិន
ត្រឹមតែធ្វើឱ្យក្រុមហ៊ុន Sony ត្រូវខាតបង់ប្រាក់កាស់ច្រើននោះទេ តែវាក៏អាចមានបង្កប់នូវបញ្ហា
ជាច្រើន ទាក់ទិននឹងសុវត្ថិភាពទិន្នន័យ ពិសេសគឺចំពោះអ្នកប្រើប្រាស់ Android។

ជនទុច្ចរិត នឹងប្រើប្រាស់ភាពល្បីល្បាញរបស់ The Interview ហើយដាក់មេរោគទៅក្នុង តំណ ភ្ជាប់ដែលអនុញ្ញាតឱ្យអ្នកទាញយកវីដេអូនៃខ្សែភាពយន្ដហោះ ក្នុងបំណងលួចយកទិន្នន័យ
បន្ទាប់ពីមេរោគ បានឆ្លងដល់កុំព្យូទ័ររបស់អ្នក។

បញ្ហាខាងលើនេះ បានកើតឡើងពិតប្រាកដ។ រយៈពេលមិនដល់ ៤ថ្ងៃ បន្ទាប់ពី The Interview
ត្រូវបានបង្ហាញខ្លួននៅលើអ៊ីនធឺរណែត ក្រុមហ៊ុន McAfee រួមនឹងដៃគូរបស់ខ្លួន បានរកឃើញមេ
រោគ malware មួយប្រភេទ ដែលត្រូវគេដាក់ភ្ជាប់ជាមួយនឹងតំណភ្ជាប់ខុសច្បាប់ ដែលអនុញ្ញាត
ឱ្យអ្នកប្រើប្រាស់ អាចទាញយកខ្សែភាពយន្ដ The Interview ។ មេរោគនេះ មានសមត្ថភាពលួច
យកព័ត៌មាន ឬគណនីធនាគាររបស់អ្នកប្រើប្រាស់។ បច្ចុប្បន្ន មេរោគនេះ ទើបតែត្រូវបានគេរក
ឃើញនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្ដែ វាអាចនឹងបន្តរីករាលដាល់នៅទូទាំងពិភពលោក ប្រសិន
មិនមានការទប់ស្កាត់។

អ្នកប្រើប្រាស់អ៊ីនធឺរណែតទាំងឡាយ ប្រាកដជាជ្រើសរើសវិធីមិនអស់ប្រាក់ ដើម្បីបានទស្សនា
ខ្សែភាពយន្ដ The Interview ដែលបច្ចុប្បន្ន ត្រូវបានក្រុមហ៊ុន Sony ដាក់ជួលក្នុងតម្លៃ ៦ដុល្លារ
អាមេរិក និងលក់ក្នុងតម្លៃ ១៥ដុល្លារអាមេរិក នៅកាណាដា និងអាមេរិក ដូច្នេះ ជនទុច្ចរិត បាន
ក្ដាប់យកឱកាសនេះ បំណងអាក្រក់របស់ខ្លួន។ ពួកគេបានប្រើប្រាស់រូបថតរបស់ខ្សែភាពយន្ដ
The Interview និងការអញ្ជើញទាញយកនូវសបវ៉ែរ ដែលមានឈ្មោះថា Android/Badaccents ។
ប៉ុន្ដែ ពេលបានចូលដល់ស្មាតហ្វូន ឬកុំព្យូទ័រ វានឹងលួចយកព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់
ហើយជាលទ្ធផល អ្នកអាចនឹងបាត់បង់ប្រាក់ពីគណនីធនាគារ។

យោងតាមរបាយការណ៍ចុងក្រោយ បច្ចុប្បន្ន មានឧបករណ៍ Android ច្រើនជាង ២០.០០០គ្រឿង បានទទួលរងផលអាក្រក់ពីមេរោគខាងលើនេះ។ អ្នកអាចមើលទៅលើបណ្ដារូបភាពខាងក្រោម
ដើម្បីជៀសវាងបញ្ហា។

រូប​ថត​ពី​អេក្រង់​ទូរស័ព្ទ បង្ហាញ​អំពី​ការ​ទាញ​យក​វីដេអូ The Interview
ដែល​មាន​មេរោគ

ម្យ៉ាងទៀត អ្នកមិនត្រូវប្រើប្រាស់តំណភ្ជាប់ ឬទាញយកខ្លឹមសារអ្វីមួយពីអ៊ីនធឺរណែត ដោយមិន
ដឹងប្រភពច្បាស់នោះទេ ពោលគឺត្រូវធ្វើឱ្យស្របច្បាប់ ទើបជាការប្រសើរ។ បច្ចុប្បន្ន ខ្សែភាពយន្ដ
The Interview របស់ Sony កំពុងត្រូវបានដាក់លក់នៅលើ iTunes , Google Play និង Youtube ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Androidheadline


Tags: The Interview Android McAfee Sony Android/Badaccents