CamNews

ព័ត៌មានបច្ចេកវិទ្យា 

យានអវកាស ទៅដល់ភពអង្គារ ៖ ឥណ្ឌា ក្លាយជា ប្រទេស ទីមួយ បានជោគជ័យ ក្នុងបេសកកម្មដំបូង

នាយករដ្ឋមន្ដ្រី ឥណ្ឌា លោក Narendra Modi កាលពីម្សិលមិញ (២៤កញ្ញា) បានប្រកាសថា យាន
អវកាសគ្មានមនុស្សបើក Mangalyaan ឬហៅថា MOM (Mars Orbiter Mission)  របស់ប្រទេសនេះ
បានហោះចូលគន្លងគោចរ របស់ភពព្រះអង្គារ ដោយជោគជ័យ ជួយឱ្យ ឥណ្ឌា  ក្លាយជាប្រទេស
ដំបូងគេក្នុងពិភពលោក ដែលបានទៅដល់ភពនេះ នៅក្នុងបេសកកម្មលើកទីមួយ។

លោក Narendra Modi មានប្រសាសន៍ពីទីបញ្ជាការគ្រប់គ្រងការហោះហើរអវកាស នៅលើដី នៃ
ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ ឥណ្ឌា ៖ “យានអវកាសរបស់ ឥណ្ឌា បានទៅដល់ភពអង្គារ
ដោយជោគជ័យ។ សូមអប់អរសាទរចំពោះប្រជាជន ប្រទេសជាតិយើង។ ទំព័រប្រវត្តិសាស្ដ្រថ្មី ត្រូវ
បានសរសេរឡើង នៅថ្ងៃនេះ”។

នេះ ត្រូវបានគេចាត់ទុកថា ជា ជោគជ័យដ៏ធំ ចំពោះវិស័យអវកាសដែលបានអភិវឌ្ឍដោយខ្លួនឯង
ជាមួយនឹងខ្ទង់ចំណាយទាប របស់ប្រទេសដែលមានប្រជាជនច្រើនបំផុតទីពីរ ក្នុងពិភពលោក។
លោក Narendra Modi ថ្លែងថា ៖ “ខ្ញុំក៏សូមប្រកាសបញ្ជាក់ថា ចំនួនអ្នកវិទ្យាសាស្ដ្រ ដែលបានចូល
រួមក្នុងបេសកកម្មនេះ គឺមានតិចជាងឆ្ងាយណាស់ ធៀបនឹងចំនួនវិស្វករដែលបានចូលរួមបង្កើតខ្សែ
ភាពយន្ដមួយរឿង របស់ Hollywood"។

យោងតាម  AFP  ប្រាក់ចំណាយទៅលើបេសកកម្មអវកាសរបស់ ឥណ្ឌា គឺត្រឹម  ៧៤លានដុល្លារ
អាមេរិក តិចជាងប្រាក់ចំណាយ (១០០ ដុល្លារ) ទៅលើខ្សែភាពយន្ដ "Gravity" ដែលនិយាយអំពី
អវកាស និងធ្លាប់ទទួលបានពានរង្វាន់ Oscar ។ បន្ទាប់ពីទទួលបានជោគជ័យនេះ ឥណ្ឌា ក៏មាន
ឈ្មោះនៅក្នុងក្រុមនៃបណ្ដាប្រទេស ដែលបានទៅដល់ភពព្រះអង្គារដំបូងគេ រួមមាន សហរដ្ឋ
អាមេរិក រុស្ស៊ី និងអឺរ៉ុប។

ទំព័រ BBC ឱ្យដឹងថា យានអវកាស Mangalyaan បានហោះចូលគន្លងគោចររបស់ភពអង្គារ កាល
ពីព្រឹក ថ្ងៃទី ២៤ កញ្ញា ក្រោយពីបានធ្វើដំណើរពីផែនដី ដែលមានរយៈពេល ១០ខែ។ តាមគម្រោង
យានអវកាសនេះ នឹងធ្វើការស្រាវជ្រាវទៅលើផ្ទៃខាងលើ និងបរិយាកាសរបស់ភពអង្គារ បំណង
បញ្ជាក់អំពីជីវិតនៅលើភពនេះ។  Mangalyaan នឹងហោះជុំវិញភពព្រះអង្គារ ក្នុងរយៈពេល ៦ខែ
ដោយស្ថិតនៅលើកំពស់ប្រហែល ៥០០គីឡូម៉ែត្រ ធៀបនឹងផ្ទៃដី ដើម្បីប្រមូលទិន្នន័យ និងបញ្ជូន
មកកាន់ផែនដី។

ក្រុមអ្នកជំនាញ យល់ថា គោលដៅចម្បងរបស់បេសកកម្មនេះ គឺដើម្បីបង្ហាញថា ឥណ្ឌា អាចមាន
ចំណែកច្រើន ក្នុងទីផ្សារអវកាសរបស់ពិភពលោក ដែលមានតម្លៃ ៣០០ពាន់លានដុល្លារអាមេរិក។

ទឹកប្រាក់ដែល ឥណ្ឌា បានចំណាយទៅលើបេសកកម្មរបស់ខ្លួននេះ ក៏តិចជាងឆ្ងាយ ធៀបនឹងកា
រចំណាយទៅលើយានអវកាស MAVEN របស់ NASA (អាមេរិក) ដែលបានហោះចូលគន្លងគោចរ
នៃភពទី ៤ ក្នុងប្រព័ន្ធព្រះអាទិត្យ កាលពីថ្ងៃអាទិត្យកន្លងទៅ។

គួររំឭកថា ឥណ្ឌា ក៏បានបាញ់បង្ហោះផ្កាយរណប ប្រហែល ៤០ ទៅឱ្យបណ្ដាប្រទេស ចាប់តាំងពី
ប្រទេសនេះ បានចាប់ផ្ដើមបេសកកម្មអវកាស កាលពី ៥០ឆ្នាំមុន ក៏ប៉ុន្ដែ ឥណ្ឌា នៅតែមិនអាចតាម
ទាន់ប្រទេស ចិន នាពេលបច្ចុប្បន្ន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/AFP/Reuters


Tags: Mangalyaan Narendra Modi Hollywood